អតីតខ្សែប្រយុទ្ធក្រុម Celtic និង St Mirren និងធ្លាប់ជាជម្រើសជាតិស្កុតឡេន លោក Frank McGarvey បានទទួលមរណភាពក្នុងអាយុ៦៦ឆ្នាំ។
ថ្មីៗនេះគាត់បានបង្ហើបថា គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីក ហើយបានបង្ហាញខ្លួននៅលើទីលាន Celtic Park ដើម្បីអរគុណអ្នកគាំទ្រសម្រាប់ការគាំទ្ររបស់ពួកគេ។
មានដើមកំណើតនៅទីក្រុង Glasgow លោក McGarvey បានចាប់ផ្តើមលេងនៅក្លិប St Mirren រួចចូលរួមជាមួយ Liverpool ហើយបន្ទាប់មកលេងឲ្យ Celtic មុនពេលត្រលប់ទៅក្លិបដំបូងរបស់គាត់វិញ។ គាត់ បាន បង្ហាញ ខ្លួន ក្នុង លីគ កំពូល ចំនួន៤៩៩ដងនិង ស៊ុត បាន១៧៤គ្រាប់ ហើយ ក៏ លេង បាន ៧ ដង សម្រាប់ ក្រុមជម្រើសជាតិ ស្កុតឡេន។
ក្នុងអាជីពជិត២០ឆ្នាំ លោក McGarvey បានជួយក្រុមឈ្នះ Scottish Cup ជាមួយ St Mirren និងពានរង្វាន់លីកចំនួន២ និងពានរង្វាន់ក្នុងស្រុកចំនួន៣ជាមួយ Celtic ។
លោក McGarvey បានចូលរួមជាមួយក្រុម Queen of the South ក្នុងនាមជាអ្នកចាត់ការទូទៅនៅក្នុងឆ្នាំ១៩៩០ ប៉ុន្តែបានដឹកនាំបានតែមួយរដូវកាលមុនពេលចុះហត្ថលេខាសម្រាប់ក្លិប Clyde ក្នុងកិច្ចសន្យា២រដូវកាល។
ក្លិប Celtic បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា McGarvey បានស្លាប់នៅព្រឹកព្រលឹមនៃថ្ងៃចូលឆ្នាំថ្មី ដោយបន្ថែមថា“គំនិត និងការអធិដ្ឋានរបស់អ្នកគ្រប់គ្នានៅ Celtic គឺនៅជាមួយគ្រួសាររបស់ Frank នៅពេលដ៏សោកសៅបំផុតនេះ” ៕ (រូបភាព ៖BBC Sport)