ភ្នំពេញ : នៅល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា , សក្តានុពលសត្វផ្សោតទន្លេមេគង្គ ភាពស្រស់ត្រកាល និងសំបូរបែបនៃធនធានធម្មជាតិ និងវប្បធម៌របស់ខេត្តក្រចេះ អមដោយការអភិវឌ្ឍន៍ឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធទន់និងរឹង ការធានាបាននូវសន្តិសុខ និងសុវត្ថិភាពដល់ទេសចរ បានក្លាយជាប្រភពសក្តានុពលទេសចរណ៍ដ៏ល្អឯកសម្រាប់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តខេត្តក្រចេះឥតឈប់ឈរ។
ក្រសួងទេសចរណ៍ បានលើកឡើងទៀតថា, ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តក្រចេះ ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការ និងការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត បានសម្រេចដាក់ចុះនូវផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្ន ២០២១-២០២៥ ខេត្តក្រចេះ ដែលមានចក្ខុវិស័យប្រែក្លាយខេត្តក្រចេះជាគោលដៅឋានសួគ៌នៃទេសចរណ៍ធម្មជាតិនិងវប្បធម៌ ព្រមទាំងជាខេត្តគំរូរមានភាពទាក់ទាញជាងគេនៅក្នុងតំបន់ភូមិឦសាន្ត តាមរយៈការពង្រឹងគុណភាពផលិតផលទេសចរណ៍ឲ្យកាន់តែទាក់ទាញ មានបង្កើតនូវព្រឹត្តិការណ៍ទេសចរណ៍ប្លែកថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ ១៧ម៉ឺននាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ១៧,០០០នាក់ មកកម្សាន្តក្នុងខេត្តក្រចេះនៅឆ្នាំ២០២៥ ៕
ដោយ : សហការី