រុស្ស៊ីលើកឡើងពីលទ្ធភាព នៃកិច្ចពិភាក្សាសន្តិភាពជាមួយជប៉ុន

ចែករំលែក៖

រដ្ឋលេខាធិការក្រសួងការពារបរទេសរុស្ស៊ី លោក Andrei Rudenko បានលើកឡើងថា រុស្ស៊ី នឹងមិនអាចពិភាក្សាសន្តិភាពជាមួយប្រទេសជប៉ុនដែលមានគោលជំហរមិនជិតស្និទ្ធ ហើយថែមទាំងមានសកម្មភាពគំរាមកំហែងរុស្ស៊ីផងដែរ។

លោក Andrei Rudenko បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋនៅថ្ងៃទី៣ខែមករានេះថា «ជំហរប្រឆាំងរុស្ស៊ី» របស់ប្រទេសជប៉ុនធ្វើឱ្យកិច្ចចរចាសន្ធិសញ្ញាសន្តិភាពមិនអាចទៅរួចទេ។ រុស្ស៊ី និងជប៉ុន មិនទាន់បញ្ចប់ជាផ្លូវការនូវអរិភាពនៃសង្គ្រាមលោកលើកទី២ ដោយសារតែការប្រឈមមុខដាក់គ្នាជុំវិញទីប្រជុំកោះដែលត្រូវបានរឹបអូសដោយអតីតសហភាពសូវៀត នៅចុងបញ្ចប់នៃសង្រ្គាមដែលស្ថិតនៅជិតកោះហុកកៃដូ (Hokkaido) ភាគខាងជើងនៃប្រទេសជប៉ុន។ កោះនេះត្រូវបានគេស្គាល់នៅក្នុងប្រទេសរុស្ស៊ីថាជាកោះគូរីល (Kuril) និងនៅប្រទេសជប៉ុន ជាដែនដីភាគខាងជើង។
ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS លោក រូដិនកូ បានគូសបញ្ជាក់ថា «វាច្បាស់ណាស់ថាមិនអាចទៅរួចទេក្នុងការពិភាក្សាអំពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសដែលប្រកាន់ជំហរអរិភាព និងអនុញ្ញាតឱ្យមានការគំរាមកំហែងដោយផ្ទាល់ប្រឆាំងនឹងប្រទេសរបស់យើង។ យើងមិនឃើញមានសញ្ញាណាមួយដែលទីក្រុងតូក្យូនឹងងាកចេញពីផ្លូវប្រឆាំងចំពោះរុស្ស៊ី ឬការប៉ុនប៉ងណាមួយដើម្បីកែតម្រូវស្ថានភាពនោះទេ»។
រុស្ស៊ីបានដកខ្លួនចេញពីកិច្ចចរចាជាមួយជប៉ុនកាលពីខែមីនា ឆ្នាំ២០២២ ក្រោយជប៉ុនដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញការឈ្លានពានលើអ៊ុយក្រែន។ ជប៉ុនបានបញ្ចេញប្រតិកម្មខឹងសម្បាចំពោះចំណាត់ការនេះ ដោយចាត់ទុកថាជារឿងអយុត្តិធម៌និងមិនអាចទទួលយកបាន៕ ដោយធីរីណា

...

រូប​ថត​ :​ Tass

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print