ភ្នំពេញ : នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិក្រសួងអញ្ជើញមកគោរពវិញ្ញាណក្ខន្ត ឧបាសក ឆាយ ធីរិទ្ធ ព្រមទាំងសាររំលែកទុក្ខ និងបច្ច័យសម្រាប់បុណ្យសព ។
លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ញើ
លិខិតចូលរួមរំលែកទុក្ខ សូមជម្រាបជូន លោក ឆាយ សុផល និងលោកស្រី
លោក និងលោកស្រី ជាទីរាប់អាន !
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងមូល និងក្នុងនាមខ្ញុំផ្ទាល់ ព្រមទាំងភរិយា ខ្ញុំមាន សេចក្តីក្រៀមក្រំ ក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថាលោក ឆាយ ធីរិទ្ធ អតីតចៅសង្កាត់ស្រះចក ត្រូវជាឪពុករបស់ លោកបានទទួលមរណភាព នៅវេលាម៉ោង១១:៥៥នាទីព្រឹក នៅថ្ងៃអាទិត្យ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។
មរណភាពលោក ឆាយ ធីរិទ្ធ គឺជាការបាត់បង់នូវឪពុកជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលជានិច្ចកាលតែងបានលះបង់ខ្ពស់ទាំងកម្លាំងកាយ ចិត្ត និងបញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សាបុត្រា បុត្រី ជាទីស្រលាញ់ និងបានអប់រំបណ្តុះបណ្តាលឲ្យក្លាយទៅជាបញ្ញវន្ត ជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ សង្គមជាតិ។ មិនតែប៉ុណ្ណោះ លោក ឆាយ ធីរិទ្ធ ដែលជាអតីតចៅសង្កាត់ស្រះចក លោកបានចូលរួមចំណែក យ៉ាងសស្រាក់សស្រាំ ក្នុងការជួយដោះស្រាយកិច្ចការនានា ក៏ដូចជាទុក្ខលំបាកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយទទួលបាននូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីប្រជាពលរដ្ឋ។
ក្នុងវេលាប្រកបដោយសមានទុក្ខនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការសោកស្តាយអាឡោះអាល័យ ចំពោះការបាត់បង់លោកឪពុករបស់ លោក និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោក និង លោកស្រី ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ លោក ឆាយ ធីរិទ្ធ ជាទីស្រលាញ់ បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោក និងលោកស្រី ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត អំពីយើងខ្ញុំ៕
លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានគោរពថ្លែងអំណរគុណ លោករដ្ឋមន្ត្រីនិងប្រតិភូ ដោយបញ្ជាក់ថា, ខ្ញុំបាទ ក្នុងនាមជាក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានដឹកនាំគណៈប្រតិក្រសួងអញ្ជើញមកគោរពវិញ្ញាណក្ខន្ត ឧបាសក ឆាយ ធីរិទ្ធ ព្រមទាំងសាររំលែកទុក្ខ និងបច្ច័យសម្រាប់បុណ្យសព។
សូមទេពតាតាមជួយរក្សាលោក និងលោកស្រី រួមទាំងគណៈប្រតិភូអមដំណើរ ៕
ដោយ : សិលា