ភ្នំពេញ៖ កម្មករ-កម្មការិនីនានានៅទូទាំងប្រទេសកម្ពុជាសប្បាយរីករាយជាមួយនឹងប្រាក់ឈ្នួលថ្មីដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ខែមករាឆ្នាំ២០២៤នេះតទៅ។ នេះគឺជាការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលអំពីបញ្ហាប្រាក់ឈ្នួលរបស់កម្មករ-កម្មការិនីដែលជារៀងរាល់ឆ្នាំតែងតែដំឡើងមិនខានឡើយ។
ដូចបណ្ដាឆ្នាំមុនៗដែរគិតចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ ២០២៣នេះតទៅ ប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០០ ដុល្លារ របស់កម្មករនិយោជិត ក្នុងវិស័យឧស្សាហកម្មកាត់ដេរ នឹងត្រូវដាក់ឲ្យអនុវត្តជាផ្លូវការ។ ទន្ទឹមនេះ កម្មករ-កម្មការនី បានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងសម្តែងការអរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំ។
ក្រុមកម្មករ-កម្មការិនីនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីជី ក្លូរី ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះបានឲ្យដឹងថា សព្វថ្ងៃនេះទាំងការរស់នៅ និងការប្រកបការងារ គឺមានភាពល្អប្រសើរច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ និងមិនខ្វះ ខាតដូចពេលមុនៗទេ ដូចជាប្រាក់ឈ្នួលកើនឡើងជារៀងរាល់ឆ្នាំ, ពេលឈឺទៅពេទ្យក៏គ្មានការបង់ប្រាក់។ លើសពីនេះទៀតនោះ លែងមានការព្រួយបារម្ភទៀត ហើយ នៅពេលឈានដល់អាយុចូលនិវត្តន៍ ពួកគាត់ ក៏នឹងអាចទទួលប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដូចមន្រ្តីរាជការផងដែរ។
លោក សំ វុទ្ធី សហជីពមូលដ្ឋាន នៃសំឡេងយុវជនខ្មែរ បានបញ្ជាក់ឲ្យដឹងថា ជាការកត់សម្គាល់ រហូតមក ដល់ ពេលនេះ ការបំពេញការងារ និងការយល់ដឹងនានារបស់កម្មករ-កម្មការិនី គឺល្អប្រសើរជាងមុនច្រើនណាស់។ លោកជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញឲ្យប្រាក់ឈ្នួលអប្បបរមា មានការកើន ឡើងបន្តទៅមុខទៀត ហើយសង្ឃឹមទៀតថា ជាមួយនឹងការតម្លើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំនេះ តម្លៃបន្ទប់ជួល និងទំនិញនានាសូមរក្សាថ្លៃនៅដដែល ដើម្បីជួយសម្រួលការរស់នៅរបស់កម្មកររោងចក្រ។
សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកម្មការិនី និយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប បានកើនឡើងជារៀងរាល់ឆ្នាំ ពីចំនួន ៣៥ដុល្លារ ក្នុងឆ្នាំ១៩៩៧ រហូតដល់ចំនួន ២០០ដុល្លារ ក្នុងឆ្នាំ២០២៣នេះ៕ ដោយ៖ សូរិយា