កម្ពុជា​ នាំចេញគ្រាប់ស្វាយចន្ទីឆៅ ៦៧ម៉ឺនតោន មានទឹកប្រាក់ជាង ១ពាន់លានដុល្លារ ខណៈ​ធ្លាក់ចុះ ៣៤.៦៥ភាគរយ​ ព្រោះ​បញ្ហាប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ភ្នំពេញ​៖​ កម្ពុជា​ នាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិមានចំនួន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១ ០៧៧លានដុល្លា ថយចុះ ៣៤.៦៥ភាគរយ​ ក្នុងឆ្នាំ២០២២​ ដោយសារតែ បញ្ហាប្រែប្រួលអាកាសធាតុ។​ នេះបេីយោង​តាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។

របាយការណ៍ដដែលបញ្ជាក់ថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជាស្ទើរ ១០០ភាគរយបាននាំចេញទៅកាន់ប្រទេសវៀតណាមមានចំនួន ៦៦ម៉ឺនតោន ថយចុះ ៣៧ភាគរយ។ គ្រាប់ស្វាយចន្ទីស្ងួត មានតម្លៃចន្លោះពី ៥៥០០រៀលទៅ ៧២០០រៀល អាស្រ័យតាមគុណភាពគ្រាប់។

បេី​តាមការបញ្ជាក់ពី​ប្រធានសមាគមស្វាយចន្ទីកម្ពុជា​ លោក អួន ស៊ីឡុត បានថ្លែងបញ្ជាក់ថា៖ «រយៈពេល២ឆ្នាំចុងក្រោយនេះ ដោយសារតែបញ្ហានៃការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យប្រជាកសិករប្រកបរបដាំចន្ទីនេះមានការខាតបង់ ប្រមូលផលបានតិច ចំណែកផលដែលទទួលបានវិញ មានគុណភាពទាប និងលក់ចេញបានតម្លៃថោក បូកផ្សំជាមួយការឡើងថ្លៃនៃជីថ្នាំកសិកម្ម និងប្រេងឥន្ធនៈ»។

លោកប្រធាន​សមាគម​ បានបន្ដថា បញ្ហាទាំងនេះហើយដែលធ្វើឲ្យប្រជាកសិករ សម្រេចកាប់ដើមចន្ទីចោលប្រមាណ ១០ម៉ឺនហិចតា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដែលធ្លាក់ចុះពី ៨០ម៉ឺនហិចតា មកនៅត្រឹមតែ ៧០ម៉ឺនហិចតាប៉ុណ្ណោះ នៅចុងឆ្នាំ២០២២។

ទន្ទឹមនឹងនេះ​ សមាគមស្វាយចន្ទីកម្ពុជា​ រំពឹងថា​៖​ “ទោះបីជាកសិករកាប់ស្វាយចន្ទីអស់ ១០ម៉ឺនហិកតា សល់តែ៧០ម៉ឺនហិកតាក្ដី ក្នុងករណីអាកាសធាតុអំណោយផលយើងនៅតែរំពឹងថា កម្ពុជាអាចផលិតគ្រាប់ចន្ទីឆៅចន្លោះ ៨០ម៉ឺនតោនទៅ១លានតោន ក្នុងឆ្នាំ២០២៣”។

...

គួរបញ្ជាក់ថា​ បច្ចុប្បន្នស្វាយចន្ទី បានកំពុងតែចេញក្ដឹបហើយ ការចេញក្ដឹបក្នុងឆ្នាំនេះលឿនជាងឆ្នាំមុនៗ ហើយការចេញក្ដិបលឿននេះ ក៏អាចបញ្ជ្រាសផុតពីសន្សើមប្រៃ នាពាក់កណ្តាលខែកុម្ភៈ ដូច្នេះជាហេតុធ្វើឲ្យការប្រមូលផលចន្ទី នឹងអាចចាប់ផ្តើមនាចុងខែមករា ឆ្នាំ២០២៣នេះ។ ការដាំដុះភាគច្រើនក្នុងខេត្តចំនួន១០ មានដូចជាខេត្តកំពង់ធំ ក្រចេះ កំពង់ចាម ព្រះវិហារ និងត្បូងឃ្មុំ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print