ខេត្តបន្ទាយមានជ័យ៖ អគារកាស៊ីណូដែលត្រូវអគ្គីភ័យឆាបឆេះកាលពីចុងឆ្នាំ២០២២ នៅក្រុងបោយប៉ែតត្រូវបានក្រុមហ៊ុនម៉ៅការចុះរុះរើ រកឃើញកេសដែកដាក់ លុយ៧កេស កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ ក្នុងប្រតិបត្តិការចុះរុះរើអគារកាស៊ីណូនេះក៏មានវត្តមានលោក លី សារី អភិបាលរងខេត្តនិងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងមេបញ្ជាការកងពលតូចថ្មើជើងលេខ៥១និងក្រុមហ៊ុនម៉ៅការរុះរើ និង ម្ចាស់ក្រុមហ៊ុនកាស៊ីណូក៏បានចុះទៅពិនិត្យផ្ទាល់ផងដែរ។
តាមលោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ឲ្យដឹងថា ក្រោយ ពេលដែលអគ្គីភ័យឆាបឆេះអគារកាស៊ីណូអស់៤ អគារ និងខូចខាតទាំងស្រុងអស់៣អគារ ដែលក្នុងនោះមាន ២អគារជារបស់ក្រុមហ៊ុនកាស៊ីណូ ហ្ក្រេនដាយអឹមិន ស៊ីធី និង១អគារជារបស់ក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតរីសត ដែលក្រុមជំនាញរុករកសពរយះពេលជិត៤០ម៉ោងឃើញ សពចំនួន២៦នាក់ និងមានអ្នករបួសធ្ងន់ស្រាល ៥៧នាក់ កាលពីថ្ងៃទី២៩និង៣០ខែធ្នូ ឆ្នាំ២០២២។
នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ ក្រុមម៉ៅការរុះរើអគារកស៊ីណូបានដំណើរការរុះរើជំហានដំបូងអគារកាស៊ីណូក្រុមហ៊ុនហ្ក្រេនដាយអឹមិនស៊ីធី នៅខាងជើងផ្លូវដែលបាក់ស្រុតទ្រេតប្រឈមគ្រោះថ្នាក់។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា ក្រុមហ៊ុនម៉ៅការរុះរើត្រូវបានបែងចែកជា២ក្រុមមាន១ក្រុមផ្នែករុះរើអគារសំណង់អគ្គីភ័យឆាបឆេះនិង២ក្រុមដឹកជញ្ជូនកាក សំណល់អគ្គីភ័យឆាបឆេះសន្ទូចយោងចំនួន២គ្រឿងដែលសហការជាមួយម្ចាស់ក្រុមហ៊ុនកាស៊ីណូហ្ក្រេន ដាយអឹមិនស៊ីធី ហើយការរុះរើមិនទាន់បានកំណត់ការរួចរាល់នៅឡើយទេ។ ពេលនេះត្រូវបានបិតផ្លូវពីរង្វង់មូលចូលមកច្រកទ្វារប៉ោយប៉ែតដោយយកស័ង្កសីហ៊ុំព័ទ្ធការពារសុវត្ថិភាព។
តាមព័ត៌មានបានដឹងថា ការចុះរុះរើនេះ បានត្រឹមតែរយះពេលកន្លះថ្ងៃ ក៏រកឃើញកេសដែកធំចំនួន៧កេសដែលដាក់លុយ និងទ្រព្យផ្សេងៗដែលជារបស់បុគ្គលជួលអគារកាស៊ីណូស្នាក់នៅរកស៊ីនៅផ្នែកខាងជើងផ្លូវ និងនៅអគារកាស៊ីណូខាងត្បូងផ្លូវរបស់ក្រុមហ៊ុនកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធីមិនទាន់បានរុះរើនៅឡើយ៕ ដោយ៖ សូរិយា