ខេត្តកណ្តាល ៖ ទាំងគ្រូទាំងសិស្សនៅ សាលាអនុវិទ្យាល័យស្វាយរលំ ឋិតក្នុងភូមិ លេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ត កណ្តាលបានឲ្យដឹងថា ពួកគាត់កំពុងរងនូវ បញ្ហាប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរបំផុតពី ចំហាយក្លិនឈ្ងៀមដល់ច្រមុះ បណ្តាលឲ្យ រមាស់ និងកន្តាស់ ស្ងួតបំពង់ក ហូរទឹកភ្នែក ប្រឈមនឹងគ្រោះថ្នាក់បំផុត ស្ទើរតែដក ដង្ហើមលែងរួច ។
អ្នកគ្រូមួយរូបបាននិយាយយ៉ាងដូច្នេះ ថា ចំពោះខ្ញុំជាគ្រូបង្រៀន ពេលខ្លះរងនូវ ចំហាយ ស្ងួតបំពង់ក ពិបាកដកដង្ហើម ខ្ញុំក៏ បង្ខំចិត្តរត់ចេញពីសាលា ប៉ុន្តែអាណិតដល់ កូនសិស្សដែលកំពុងរៀនក្នុងមួយថ្នាក់ៗពី ៥០ទៅ៦០នាក់ និងតិចបំផុតមួយថ្នាក់៤៥ នាក់ មានអ្នកខ្លះគាត់ពាក់ម៉ាស់ទ្រាំរៀននៅក្នុងថ្នាក់បាន មួយចំនួនទៀតគាត់មិន ចេះពាក់ម៉ាស់ ថប់ដង្ហើម គាត់ក៏ទ្រាំនៅក្នុង ថ្នាក់ជាមួយនឹងក្លិនឈ្ងៀមទាំងនោះជាប្រចាំ ថ្ងៃទៅហើយ ។
លោកគ្រូ អ្នកគ្រូពានបញ្ជាក់ថា រាល់ ដំណោះស្រាយតាំងពីថ្នាក់មូលដ្ឋានឃុំ-ស្រុក ជំនាញបរិស្ថាន ខេត្តនិងក្រសួង ប៉ុន្តែជាលទ្ធផល ដដែលជាដដែល ។ បាន ន័យថា ចុះមកបានត្រឹមតែមកពិនិត្យមើល រួចក៏ទៅវិញ សម្រាប់លទ្ធផលលោកគ្រូ អ្នកគ្រូ សិស្ស រួមទាំងប្រជាពលរដ្ឋមាន លំនៅឋានក្បែរៗរោងចក្រម៉េងតុងម៉េងយ៉ានរងផលប៉ះពាល់ពីចំហាយក្លិនជាតិ គីមីនេះដដែល ។
ទាំងគ្រូៗ ក៏ដូចជាប្រជាពលរដ្ឋទទួល យកគ្រប់ដំណោះស្រាយទាំងអស់ ដោយ មិនគិតពីខាងណា ដើម្បីមានដំណោះស្រាយ ដល់សុខភាពជូនប្រជាពលរដ្ឋ តាមរយៈ តម្រូវឲ្យខាងរោងចក្រខាងលើនេះបញ្ឈប់ សកម្មភាពជះក្លិនឈ្ងៀម ដោយជាតិគីមី ប៉ះពាល់មកលើពួកគាត់ ។
ថ្មីៗកន្លងទៅនេះ ខាងក្រសួងបរិស្ថាន ខាងមន្ទីរ អាជ្ញាធរស្រុក និងជំនាញបានចុះ ទៅពិនិត្យធ្វើអធិការកិច្ចនៅក្នុងរោងចក្រ មួយនេះ ប៉ុន្តែលោកគ្រូ អ្នកគ្រូបានលើក ឡើងថា ពួកខ្ញុំគ្មានជំនឿចំពោះដំណោះ ស្រាយ ខណៈការងារនេះមានយូរមកហើយ យ៉ាងតិច៥ទៅ៦ឆ្នាំ ដែលថ្នាក់លើនិងជំនាញ ប្រើរូបភាពដដែលៗ មកហើយទៅវិញ ស្ងាត់ឈឹង ។ ចំណែកសិស្ស គ្រូៗ ប្រជា ពលរដ្ឋទទួលផលប៉ះពាល់ពីក្លិនឈួលដោយ ជាតិគីមីនេះដដែល ។
លោក ស៊ុម សុខម្ភូ អគ្គនាយករងគាំពា បរិស្ថាននៃក្រសួងបរិស្ថាន ដែលបានដឹក នាំក្រុមការងារ មានលោក ជា សីុណា ប្រធាននាយកដ្ឋានបរិស្ថាន និងខាងមន្ទីរ បរិស្ថានខេត្ត អាជ្ញាធរស្រុក បរិស្ថានស្រុក ជាមួយនឹងមន្ត្រីជាច្រើនទៀត បានប្រាប់ នគរវត្តតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៦ថា ខ្ញុំពិតជាបានដឹកនាំ មន្ត្រីជំនាញថ្នាក់នាយកដ្ឋានគាំពាបរិស្ថាន និងមន្ត្រីជាច្រើនទៀតចុះទៅពិនិត្យនៅរោងចក្រខាងលើនេះ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅថ្មីៗ ដោយបំពេញ កាតព្វកិច្ចពិនិត្យមើលរាល់វិធានការណ៍ កន្លងទៅ ដែលក្រសួងកំណត់ឲ្យខាងរោង ចក្រ ថាតើគាត់បានអនុវត្តបានប៉ុន្មាន?
លោក អគ្គនាយករង ស៊ុម សុខម្ភូ បាន បន្តថា ជាក់ស្តែងខ្ញុំពិនិត្យឃើញខាងរោង ចក្រ គាត់បានបំពាក់ឧបករណ៍កាត់បន្ថយ ការបញ្ចេញនូវចំហាយឈ្ងៀមនេះបានមួយផ្នែក ប៉ុន្តែខាងរោងចក្រមិនទាន់ត្រូវបាន បំពេញតាមបច្ចេកទេសណែនាំត្រឹមត្រូវនៅឡើយទេ ពីក្រសួង ។ ដូច្នេះក្រុមការ ងារយើងនឹងតម្រូវឲ្យគាត់រៀបចំរាល់បច្ចេក ទេសជាបណ្តោះអាសន្ន ការពារការសាយ ភាយជាតិគីមី ដោយការផលិតរបស់ខ្លួន ប៉ះពាល់ផ្លូវដង្ហើមដល់គ្រូៗ សិស្ស និងប្រជា ពលរដ្ឋ ដូចជាករណីឲ្យគាត់ដាក់សំណាញ់ ស្បៃ ពីរទៅបីជាន់ទប់បញ្ជៀសក្លិន និងឲ្យ គាត់បំពេញបច្ចេកទេសបន្ថែម ក្នុងនោះខ្ញុំ បាន ឲ្យគាត់បំពេញយ៉ាងយូរបំផុត ថ្ងៃចន្ទ សប្តាហ៍ក្រោយ ត្រូវឆ្លើបតបពីការងារ ដោយ មានក្រុមបច្ចេកទេសវិស្វករត្រឹមត្រូវ ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក គ្រូ អ្នកគ្រូ សិស្ស ប្រជាពលរដ្ឋថា ចុះបើខាងរោងចក្រមិនបានបំពេញតាមលក្ខខណ្ឌ ក្រសួងកំណត់ តើឈានដល់ការបិទអាជីវ កម្មដែរឬទេ? លោក ស៊ុម សុខម្ភូ បាន បញ្ជាក់ថា ជាធម្មតាគេមិនអាចធ្វើការងារ របៀបជប់ឲ្យលឿនបានទេ ក្នុងពីរទៅបីថ្ងៃ នោះ ហើយបើខាងរោងចក្រមិនបំពេញ តាមការណែនាំ ការបិទអាជីវកម្មមិនបាន ជារឿងងាយស្រួលទេ គឺត្រូវការសិក្សា ពិនិត្យឲ្យអស់លទ្ធភាព ទើបសម្រេចបាន ក្នុងកម្រិតណានោះ ។
ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស បានលើកឡើងថា ស្របពេលប្រទេសមាន ច្បាប់ មិនគួរណាពួកគាត់នៅតាមមូលដ្ឋាន ប្រឈមគ្រោះថ្នាក់បែបនេះទេ គួរណាស់ តែអាជ្ញាធរ ជំនាញពាក់ព័ន្ធរកដំណោះ ស្រាយណាមួយជូនពួកគាត់ ផ្ទុយទៅវិញ បែរជាទុកឲ្យការងារនេះអូសបន្លាយ ប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ។ ពួក គាត់ទទួលស្គាល់ និងគាំទ្រពីការវិនិយោគ របស់ក្រុមហ៊ុនបាននឹងកំពុងស្រូបកម្លាំង ក្នុងស្រុកឲ្យពលរដ្ឋខ្មែរមានការងារធ្វើ ប៉ុន្តែ ការធ្វើអាជីវកម្ម ក៏ត្រូវបំពេញកាតព្វកិច្ច អនុលោមទៅតាមផ្លូវច្បាប់ផងដែរ ។ក្នុងករណីនេះ នគរវត្តមិនអាចទាក់ទង បានទេពីលោក ម៉ៅ ភិរុណ អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល ដោយទូរស័ព្ទ ត្រូវបានបិទ កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ។
លោកគ្រូ អ្នកគ្រូនិយាយថា រាល់ដំណោះ ស្រាយកន្លងទៅគ្មានប្រយោជន៍ពួកគាត់និងសិស្សធ្លាប់នាំគ្នាតវ៉ាជាមួយខាងរោងចក្រ និងមិនចូលរៀន មិនបង្រៀន ប្រយោជន៍ ស្វែងរកដំណោះស្រាយ ប៉ុន្តែជាលទ្ធផល អាជ្ញាធរ ជំនាញ នៅតែបន្តឲ្យខាងរោង ចក្រដំណើរការចង្វាក់ផលិតកម្មរបស់ខ្លួន ជាមួយនិងការភាយសាយក្លិនគីមីឈួល ប៉ះពាល់ផ្លូវដង្ហើមដដែល ។ ម្យ៉ាងទៀត ដោយសិស្សថ្នាក់ទី៩ គាត់ត្រូវរៀនឲ្យបាន ពេញម៉ោងសម្រាប់ពេលប្រឡង លោកគ្រូ អ្នកគ្រូក៏មិនរំខានដល់ពួកគាត់មកតវ៉ាខាត ពេលរៀនសូត្រនោះទេ ។ ដូច្នេះទាំងគ្រូ និងសិស្សបានត្រឹមតែបង្ខំចិត្តបិទម៉ាស់ចូល សាលាបង្រៀននិងរៀននៅក្នុងថ្នាក់ ៕
ដោយ៖ សុខ ខេមរា