ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោម៤នាក់បន្ទាប់ពីបានប្រើហិង្សាកាប់ទៅលើជនរងគ្រោះ៣នាក់បណ្ដាលឱ្យរងរបួសនៅស្រុកចន្ទ្រា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ស្ថិតនៅចំណុចភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្រ្ទា។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ និក សំបូរកញ្ញា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្រ្ទា មុខរបរកសិករ រងរបួសជង្គង់ខាងស្ដាំ(ត្រូវគ្រាប់ចម្ពាម) ។ ទី២-មានឈ្មោះ សោម ម៉ារ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើមុខរបរកម្មកររោងចក្រ រងរបួសដោយស្នាមកាំបិតកាប់ត្រូវដៃ និងទី៣-មានឈ្មោះ ចក់ សម្ភស្ស ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ មុខរបរកម្មកររោងចក្រ រងរបួសដោយស្នាមកាំបិតកាប់ត្រូវពោះនិងដៃខាងឆ្វេង។
ក្រោយមកជនរងគ្រោះទាំង៣នាក់ត្រូវបានក្រុមគ្រួសារបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
ចំណែកជនសង្ស័យមានឈ្មោះ ដា រ៉ុង អាយុ២៣ឆ្នាំ មុខរបរជាងផ្សារដែក និងឈ្មោះ ដា សុខណាប់ អាយុ១៨ឆ្នាំ មុខរបរជាងផ្សារដែក អ្នកទាំង០២នាក់ មានស្រុកកំណើតនៅភូមិកែង ឃុំកែងប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះបច្ចុប្បន្នជាងធ្វើដែកនៅរោងចក្រតំបន់តាយសេង៣ ស្ថិតភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៤នាក់បានរួបរួមគ្នាយកដាវសាមូរ៉ៃកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យមានរបួសស្នាមពិតប្រាកដមែន ដោយសារមូលហេតុទំនាស់ពាក្យសម្តីគ្នា។
បច្ចុប្បន្នជនសង្ស័យ២នាក់ទៀតដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនដើម្បីចាត់ការបន្តតាមច្បាប់៕ ដោយ៖សុថាន