ខេត្តក្រចេះ : តាមរយៈសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តឧត្តមសាមគ្គី ហៅវត្តវាលកន្សែង (នៅខេត្តក្រចេះ, ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣) បានមានប្រសាសន៍ថា ៖ សូមអបអរសាទរចំពោះសមិទ្ធផលជាច្រើន ដែលបានកកើតឡើងនៅក្នុងទីអារាមដែលទើបតែមានអាយុកាលប្រមាណជាង ១០ឆ្នាំ មួយនេះ ក្រោមម្លប់សុខសន្តិភាព និងកម្លាំងសាមគ្គីភាពរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ ដែលមានសទ្ធាជ្រះថ្លារួបរួមគ្នាដោយឈរលើមូលដ្ឋាននៃវប្បធម៌ចែករំលែក ដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនា និងបន្សល់ទុកជូនអ្នកជំនាន់ក្រោយៗទៀត។
លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស ដែលទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តក្រចេះនេះផ្ទាល់។ ក្នុងកាលៈទេសៈដែលប្រទេសកំពុងបន្តអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន និងតទៅអនាគត គឺទាមទារនូវការខិតខំប្រឹងប្រែងរបស់ក្មួយៗ ដែលត្រូវកសាងខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាពទាំងផ្នែកចំណេះដឹង និងផ្នែកគុណធម៌-សីលធម៌។
លោកបណ្ឌិតលើកឡើងថា, នៅសល់តែ ១ ថ្ងៃទៀត នឹងដល់គម្រប់ខួបទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ដែលបានជួយឱ្យមាតុភូមិកម្ពុជា និងប្រជាជាតិខ្មែរទាំងមូលបានរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ឈរលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ ៧ មករា, កម្ពុជាបានបោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើន ហើយអត្ថន័យនៃគុណបំណាច់ ៧ មករា នេះ ក៏នឹងបន្តស្ថិតដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលទទួលបានការជួយសង្គ្រោះអាយុជីវិតឱ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបវាលពិតឃាតដ៏សាហាវយង់ឃ្នង។
លោកបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា, ឆ្នាំ២០២៣ នេះផងដែរ ក៏ជាឆ្នាំនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការចូលរួមរបស់សហគមន៍អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ ក្នុងការផ្តល់នូវឧត្តមប្រយោជន៍នៃយុត្តិធម៌ ដែលធានាដល់ការថែរក្សាសុខសន្តិភាព សាមគ្គីភាពជាតិ និងការជួសជុលសំណងផ្លូវចិត្តមួយដ៏សំខាន់ចាំបាច់សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ក៏ដូចជាការរារាំងកុំឱ្យមានការកើតឡើងសាជាថ្មីនូវសោកនាដកម្មដ៏សែនឈឺចាប់ខ្លោចផ្សាដែលកម្ពុជាធ្លាប់បានទទួលរងគ្រោះក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយចក្ខុវិស័យបន្ទាប់របស់ សម្តេចតេជោ គឺធ្វើការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋពីហានិភ័យនៃគ្រាប់មីន ដែលនៅតែជាឃាតកលាក់មុខនៅទ្បើយ តាមរយៈការខិតខំសម្រេចឱ្យបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ៕
ដោយ : សហការី