សូមមេត្តាជ្រាប ! កំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ ភ្នំពេញ-ជ្រោយចង្វារ (សុខា) និងកោះពេជ្រ-កោះនរា នឹងត្រូវផ្អាកដំណើរការចម្លងចាប់ពីស្អែកម៉ោង ៦ព្រឹក រហូតចប់កម្មវិធី ប្រារព្ធមីទ្ទីងខួបទី៤៤ នៃទិវាជ័យជម្នះ៧មករា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសប្រារព្ធមីទ្ទីងខួបទី៤៤ នៃទិវាជ័យជម្នះ៧មករា កំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ ភ្នំពេញ-ជ្រោយចង្វារ (សុខា) និងកោះពេជ្រ-កោះនរា នឹងត្រូវផ្អាកដំណើរការចម្លងចាប់ពីម៉ោង ៦ព្រឹក រហូតចប់កម្មវិធី។
សូមបញ្ជាក់ថា, កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ក៏បានជូនដំណឹងពីការផ្អាកដំណើរការស្រឡាងចម្លងក្នុងឱកាសប្រារព្ធមីទ្ទីង៧មករា ចាប់ពីម៉ោង ៦ព្រឹកតទៅផងដែរ។

គួរឱ្យដឹងដែរថា គណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧-០១-១៩៧៩- ០៧-០១-២០២៣) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

នៅថ្ងៃនោះដែរ អាជ្ញាធរក៏នឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីសម្ដេចសុធារស ចាប់ពីស្តុបជលផល ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវលេខ ២៤០) កំណាត់វិថីព្រះស៊ីសុវត្ថិ ចាប់ពីរង្វង់មូលសម្តេចសង្ឃជួនណាត ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវលេខ២៤០) កំណាត់មហាវិថីព្រះសុរាម្រឹត ចាប់ពីនាគបាញ់ទឹក ដល់វិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ ចាប់ពីវិមានឯករាជ្យ ដល់នាគបាញ់ទឹក និងផ្លូវជុំវិញទីតាំងប្រារព្ធពិធី រហូតដល់ពិធីត្រូវបានបញ្ចប់។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា, អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print