ខេត្តកណ្តាល : នាព្រឹកថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៣ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានអញ្ជើញជាអធិបតីភាពក្នុងមីទ្ទិញអបអរសាទរខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) នាកីឡដ្ឋាន ស្រុកពញាឮ ។ អង្គពិធីមានការចូលរួមពី លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ និងមហាជនស្រុក ឃុំ ភូមិ ប្រមាណជិត ២ ពាន់នាក់ ។
បន្បន្ទាប់ពី លោករដ្ឋមន្រ្តី បានអាននូវសុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីញរំលឹកខួបលេីកទី ៤៤ ទិវាជ័យជម្នះ ៧ មករា មករា (០៧.០១.១៩៧៩-០៧.០១.២០២៣)
ចំពោះខ្លឹមសារស្នូលសំខាន់នៃទិវាជ័យជម្នះ ៧ មករា លោករដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីថា ថ្ងៃនេះ ជាថ្ងៃគម្រប់ខួបទី ៤៤ ទិវាជ័យជំនះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) ជាប្រវត្តិសាស្ត្រលើបនប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ជាការបើកឡើងនូវទំព័រសករាជថ្មីរបស់កម្ពុជា គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ជាថ្ងៃដែលមានអត្ថន័យធំធេងបំផុតចំពោះការរស់រានឡើងវិញ ការស្ថិតស្ថេរគង់វង្ស និងការរីកចំរើននៃមាតុភូមិ និងប្រជាជនកម្ពុជា ។ យើងទាំងអស់គ្នាចងចាំជានិច្ចថា ថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី ២ របស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ ។ ជ័យជម្នះ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់រូប និងជារបស់មនុស្សជាតិទាំងមូលដែលស្រលាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជា សច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ និងបំផ្លាញបានឡើយ។ គឺមានតែអ្នកស្រឡាញ់ របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា ។ ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងជំហានដ៏ស្វាហាប់ និងប្រកបដោយមោទនភាព ។
យើងជួបជុំគ្នាថ្ងៃនេះចំនួនប្រមាណជិត ២ ពាន់នាក់ ក៏ពិតមែន ប៉ុន្តែយើងជួបជុំគ្នាជាតំណាងឱ្យ វ័យចាស់វ័យកណ្តាល និងវ័យក្មេង ជាតំណាងឱ្យកសិករ កម្មករ-កម្មការិនី ជាងសំណង់ អាជីវករ អ្នកផ្តល់សេវាក្រៅប្រព័ន្ធ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ អតីតយុទ្ធជន នីវត្តជន និស្សិត សិស្សានុសិស្ស ជាតំណាងឱ្យពុទ្ធសាសនិកឥស្លាមសាសនិក និងសាសនិកសាសនាឯទៀតៗ ជាតំណាងឱ្យបញ្ញវន្ត អ្នកបច្ចេកទេស ។ល។ ជាតំណាងឱ្យអ្នកធ្លាប់រស់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងអ្នកដែលទើបកើតក្រោយថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដើម្បីបង្ហាញសាធារណមតិជាតិ និងអន្តរជាតិ ឱ្យឃើញកាន់តែច្បាស់នូវគោលជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ក្នុងការការពារសន្តិភាព ឯករាជ្យ និងអធិបតេយ្យជាតិ សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ។ យើងប្តេជ្ញាជំរុញការកែទម្រង់លើគ្រប់វិស័យ បង្កើនជំនឿ និងការគាំទ្ររបស់ប្រជាជន មកលើកគណបក្សប្រជាជនកម្ពុជា ។
អង្គពិធី បានប្តេជ្ញាជាធ្លុងមួយ បន្តថែរក្សាឲ្យបានជាដាច់ខាតនូវសុខសន្តិភាព សម្រាប់បន្តការកសាង និងអភិវឌ្ឍ កម្ពុជាឲ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត និងប្រកបដោយចីរភាព និងសូមអរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ មានសន្តិភាព ទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ ។
ដើម្បីជាចំណងដៃ សម្រាប់ឆ្នាំថ្មីនេះ លោករដ្ឋមន្រ្តី និងក្រុមការងារ បានផ្តល់នូវអាគារសិក្សាមួយខ្នង មាន ០៨ បន្ទប់ ដល់សិស្សានុសិស្សក្នុងវិហាឌូបៃ របស់បងប្អូនសាសនិកឥស្លាម ដើម្បីតំឡើងទៅជាអនុវិទ្យាល័យ ស្ថិតនៅក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ៕
ដោយ : សិលា