ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានរថយន្តដឹកទំនិញមួយគ្រឿង បុកពីក្រោយពេញទំហឹង អូសម៉ូតូជាច្រើនម៉ែត្រ បណ្ដាលឱ្យអ្នកបេីកម៉ូតូស្លាប់ក្រោយកង់រថយន្តយ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡើងកាលវេលាម៉ោង១២ជាងថ្ងៃត្រង់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ សិ្ថតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃេីញបុរសម្នាក់ បេីកបរម៉ូតូម៉ាក Honda Dream ស៊េរី ឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1AA-6164 ទិសដៅពីកេីតមកលិចស្របទិសគ្នាជាមួយរថយន្ដដឹកទំនិញមួយគ្រឿង ពណ៌សលាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ 3G-4732 លុះពេលមកដល់ត្រង់ចំណុចកេីតហេតុ អ្នកបេីកបររថយន្ដខាងលេី ក៏បានជ្រុលទៅបុកម៉ូតូពីក្រោយអូសជាច្រេីនម៉ែត្រ បណ្ដាលឱ្យអ្នកបេីកបរម៉ូតូស្លាប់ក្រោមកង់រថយន្តដឹកទំនិញយ៉ាងអណោចអធ័មតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការនគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តមកអធិការធេី្វការសួរនាំ រីឯម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកឯ សពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ ក៏ប្រគល់អោយទៅគ្រួសារយកទៅធេី្វបុណ្យតាមប្រពៃណី៕ ដោយ៖ ភារ៉ា ដង្កោ