ភ្នំពេញ : នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកសរសើរចំពោះការរួមចំណែករបស់ លោក Sudirman Haseng ឯកអគ្គរដ្ឋទូតចប់ អាណត្តិរបស់ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ក្នុងអំឡុងពេលដែល លោកឯកអគ្គរដ្ឋទូតចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៣។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ ថ្នាក់ដឹកនាំ និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រជាជាតិទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការ វាយតម្លៃខ្ពស់របស់កម្ពុជាចំពោះតួនាទីដ៏សំខាន់ និងការរួមចំណែកដ៏ចាំបាច់របស់ឥណ្ឌូនេស៊ី នៅក្នុង ដំណើរការសន្តិភាពនៅក្នុងប្រទេសកម្ពុជា ដោយមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាននឹង កំពុងពិចារណាក្នុងការដាក់ឈ្មោះផ្លូវនៅរាជធានីភ្នំពេញតាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកឯកអគ្គរដ្ឋទូត Haseng បានពិនិត្យ មើលឡើងវិញនូវទំនាក់ទំនងទ្វេភាគីដែលកំពុងតែរីកលូតលាស់ និងបានពិភាក្សាអំពីមធ្យោបាយ នានាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។ ចំពោះវិស័យសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយក្តីរីករាយចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្ម ទ្វេភាគី និងបានចែករំលែកក្តីសង្ឃឹមរួម ចំពោះការចាប់ដំណើរការឡើងវិញនូវជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ។ លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីលទ្ធភាពសម្រាប់ការចូលរួមរបស់ឥណ្ឌូនេស៊ីក្នុងគម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា រួមទាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផងដែរ។
ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី លោកឯកអគ្គរដ្ឋទូត បានអបអរសាទរកម្ពុជា ចំពោះតួនាទីដ៏ជោគជ័យរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២២ ក៏ដូចជា ការធ្វើជា ម្ចាស់ផ្ទះ និងការរៀបចំផ្នែកពិធីការ និងបដិសណ្ឋារកិច្ចដ៏ល្អ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល
អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរ គុណដល់ឥណ្ឌូនេស៊ី ដែលបានគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងបានរំលឹកជាថ្មី អំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះតួនាទី របស់ឥណ្ឌូនេស៊ី ជាប្រធានអាស៊ាននៅឆ្នាំនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរ ឥណ្ឌូនេស៊ីដែលបានរៀបចំកិច្ចប្រជុំកំពូល G-20 ប្រកបដោយជោគជ័យ នៅឆ្នាំ២០២២ ផងដែរ ៕
ដោយ : សិលា