ភ្នំពេញ៖ អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងផ្គត់ផ្គង់នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតីសម្បទា និងជាភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ គឺលោក ឡាយ សំណាង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ចាប់ខ្លួនពាក់ព័ន្ធនឹងការកិបកេងថវិការដ្ឋជាង ១,៥០០លានរៀល (ជាង៣៨ម៉ឺនដុល្លារ)។
ក្រោយចាប់ខ្លួន ជនសង្ស័យឈ្មោះ ឡាយ សំណាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ក្រៅពីកិបកេងថវិការដ្ឋជាង៣៨មុឺនដុល្លារ ជនសង្ស័យរូបនេះក៏ពាក់ព័ន្ធនឹងការកិបកេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត៤ពាន់នាក់ និងក៏សង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ផងដែរ៕ ដោយ ៖ រ៉ារ៉ា