ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃពុធទី១១ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា សត្វត្រយងចង្កំកសគឺជាប្រភេទសត្វស្លាបដ៏កម្របំផុតនៅលើពិភពលោក ហើយមានការប្រឈមនឹងហានិភ័យខ្ពស់នៃការផុតពូជជាសកល ប្រសិនបើកត្តាគំរាមកំហែងនានានៅតែបន្តកើតមាន ក្នុងនោះមានការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ ចំនួនប្រជាសាស្ត្រជាសកលនៃសត្វស្លាបប្រភេទនេះមានចំនួនប្រហែល១០០០ក្បាលតែប៉ុណ្ណោះ។ ការធ្វើជំរឿនទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ បានកត់ត្រាចំនួន ៧៩២ក្បាល ដែលស្មើនឹង ៨០%នៃរបាយលើពិភពលោក។ សត្វត្រយងចង្កំកស (Pseudibis davisoni) ត្រូវបានគេប្រទះឃើញនៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍ ប៉ុន្តែសព្វថ្ងៃនេះ គេប្រទះឃើញ ប្រភេទសត្វសត្វត្រយងចង្កំកស មានវត្តមាននៅតំបន់ព្រៃរល្បោះភាគខាងជើង និងខាងកើតនៃប្រទេសកម្ពុជា និងចំនួនរបាយផ្សេងទៀតត្រូវបានគេរកឃើញនៅលើកោះ Borneo នៃឧបទ្វីបអាស៊ីខាងត្បូង។ សត្វត្រយងចង្កំកសត្រូវបានគេចាត់ចូលជាប្រភេទរងគ្រោះជិតផុតពូជក្នុងបញ្ជីក្រហម IUCN Red List។
នៅក្នុងឆ្នាំ២០១៩ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងក្រុមអង្គការអភិរក្ស បានរួមគ្នាចាប់ផ្តើម អង្គេតតាមដានចំនួនសត្វត្រយងចង្កំកសនៅក្នុងប្រទេសកម្ពុជា ដោយធ្វើការរាប់ចំនួនសត្វនៅក្នុងរដូវវស្សា។ ការរាប់នេះត្រូវបានធ្វើឡើងជារៀងរាល់ខែចាប់ពីខែកក្កដា ដល់ខែតុលា ដោយធ្វើការរាប់ចំនួននៅពេលសត្វហើរចូលទ្រនំ នៅពេលល្ងាច និងរាប់ចំនួននៅពេលសត្វហើរចាកចេញពីទ្រនំនៅព្រឹកបន្ទាប់។ ការធ្វើបែបនេះជាការប៉ាន់ប្រមាណចំនួន និងការបម្រែបម្រួលចំនួនប្រជាសាស្ត្រនៃប្រភេទសត្វនេះ។ ចំនួនខ្ពស់បំផុតត្រូវបានរាប់ក្នុងឆ្នាំ២០១៣ ដែលបានកត់ត្រាសត្វស្លាបប្រភេទនេះចំនួន ៩៧៣ក្បាល និងមានការកត់ត្រាទាបបំផុតត្រឹមចំនួន៥៣១ក្បាល ក្នុងឆ្នាំ២០១៨ គឺមានការថយចុះប្រមាណ ៤៧%។ ក្នុងកំឡុងពេលនៃការថយចុះនេះ ប្រទេសកម្ពុជាបានទទួលរងនូវការបាត់បង់ព្រៃឈើកម្រិតខ្ពស់ ពិសេសនៅទីតាំងសម្បទានដីសេដ្ឋកិច្ច។ ការបាត់បង់ទីជម្រកគួបផ្សំនឹងមានការរំខាននៅកន្លែងសំបុកពងកូន និងទ្រនំរកចំណី បានជះឥទ្ឋិពលយ៉ាងខ្លាំងដល់ការធ្លាក់ចុះនៃរបាយសត្វប្រភេទនេះក្នុងប្រទេសកម្ពុជា។
នៅឆ្នាំ២០២២ ជាឆ្នាំទី៤ ដែលបានបង្ហាញពីចំនួននៃការធ្វើជំរឿងបានកត់ត្រទិន្ន័យខ្ពស់បន្តបន្ទាប់គ្នា។ លទ្ឋផលនេះ គឺជាការលើកទឹកចិត្តដែលបានបង្ហាញថា ការអភិរក្សមានភាពល្អប្រសើរឡើង ទោះជានៅតំបន់ខ្លះមានការថយចុះ តែចំនួនសរុបមានការកើនឡើង។
ចំនួនខ្ពស់បំផុតត្រូវបានកត់ត្រានៅដែនជម្រកសត្វព្រៃសៀមប៉ាង (៣៧៧ក្បាល) និងនៅតំបន់ព្រៃលិចទឹកទន្លេមេគង្គ (៣២៦ក្បាល)។ ការរាប់ចំនួនផ្សេងទៀត ត្រូវបានធ្វើឡើងនៅតំបន់កោះស្រឡាយ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លំផាត់ ស្រែពក និងភ្នំព្រេច។ ការធ្វើជំរឿនប្រចាំឆ្នាំ ត្រូវបានសម្របសម្រួលដោយក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា (CIWG) ដែលបានបង្កើតឡើងដោយ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) ក្រុមហ៊ុន រ៉ាយហ្ស៊ីងហ្វីនិក(RP) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)។
បេីតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដែលលទ្ធផលពេលនេះបានបង្ហាញពីការកើនឡើងនូវប្រភេទសត្វព្រៃមួយចំនួនក្នុងនោះមានសត្វត្រយងកង្កំកសផងដែរ។ នេះបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពនានារបស់ក្រសួងបរិស្ថាន និងអង្គការដៃគូ និងបង្ហាញពីភាពប្រសើរឡើងនៃការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ការយល់ដឹងរបស់ប្រជាពលរដ្ឋ ការផ្លាស់ប្តូរឥរិយាបថសាធារណជនចំពោះសត្វព្រៃ។ ក្រសួងបរិស្ថាននិងដៃគូទាំងអស់នឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃតាមរយៈការអនុវត្តច្បាប់ ការបង្កើត សេដ្ឋកិច្ចមូលដ្ឋាន និងការធ្វើយុទ្ធនាការផ្សេងៗដើម្បីផ្លាស់ប្តូរឥរិយាថសាធារណជន។ ក្រសួងបរិស្ថានបន្តអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងការហូបសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ»។
ជាមួយគ្នានោះ លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)ប្រចាំប្រទេសកម្ពុជា បានសាទរចំពោះកំណើននៃចំនួនសត្វត្រយងចង្កំកសក្នុងប្រទេសកម្ពុជា។ លោកថានេះជាលទ្ធផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអភិរក្សប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុតនៅលើពិភពលោក។ សត្វត្រយងចង្កំកសចំនួន ៣២៦ ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ១៧កន្លែង ត្រូវបានកត់ត្រាថា ឃើញមាននៅដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ នាខេត្តក្រចេះ ដែលចំនួននេះបានកើនឡើង ២៩% ក្នុងឆ្នាំ២០២២ ធៀបនឹងចំនួន ២៥២ ក្បាល ដែលបានកត់ត្រាក្នុងឆ្នាំ២០២១។ លោកបន្តថា៖ «អង្គការWWF មានសេចក្តីសោមនស្សរីករាយ និងសូមអបអរសាទរចំពោះលទ្ធផលវិជ្ជមាននៃជំរឿនសត្វត្រយ៉ងចង្កំកសក្នុងឆ្នាំនេះ។ សូមអរគុណដល់ក្រសួងបរិស្ថាន សមាជិកទាំងអស់នៃក្រុមការងារអភិរក្សសត្វត្រយ៉ងចង្កំកសនៅកម្ពុជា សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធដែលចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការងារអភិរក្សសត្វកម្រ។ ក្នុងនាមជាសមាជិកនៃក្រុមការងារអភិរក្សសត្វត្រយ៉ងចង្កំកសកម្ពុជា អង្គការWWFប្តេជ្ញាបន្តកិច្ចសហការរួមគ្នាជាមួយអាជ្ញាធរដែលមានទំនួលខុសត្រូវ អង្គការក្រៅរដ្ឋាភិបាលជាដៃគូ រួមនឹងសហគមន៍មូលដ្ឋានការពារសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុតនេះ តាមរយៈការគាំទ្រការអនុវត្តច្បាប់ក្នុងការការពារទីជម្រក ក៏ដូចជាយន្តការការពារសំបុកដោយសហគមន៍មូលដ្ឋាន។ អង្គការWWF បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការក្នុងផែនការសកម្មភាពអភិរក្សរួម ដើម្បីធ្វើយ៉ាងណាអាចអោយសត្វស្លាបដ៏កម្រនេះរស់រាន្តកាន់តែប្រសើរនាថ្ងៃអនាគត»។
លោក Jonathan Charles Eames OBE, ប្រធានក្រុមហ៊ុន Rising Phoenix Co. Ltd. បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Rising Phoenix បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង មិនត្រឹមតែរាប់ចំនួនសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាត់វិធានការដើម្បីការពារទីជម្រកសត្វដ៏ធំបំផុតដែលស្ថិតនៅខាងក្រៅ ដែនជម្រកសត្វព្រៃសៀមប៉ាង។ ក្រុមការងាររបស់យើង បានខិតខំប្រឹងប្រែង និងលះបង់ពេលវេលា ក្នុងការការពារធនធានដ៏សំខាន់នេះ ដោយធ្វើការស្វែងរក និងតាមដានសំបុកសត្វត្រយងចង្កំកស ដែលបានរកឃើញសំបុកប្រមាណ៤៥ សំបុកក្នុងមួយឆ្នាំ»។
លោក ប៊ូ វរសក្ស នាយកអង្គការធម្មជាតិនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាគាំទ្រដល់ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសច្រើនជាងគេនៅលើពិភពលោក លទ្ឋផលជំរឿងក្នុងឆ្នាំ ២០២២នេះ បានបង្ហាញពីអនាគតដ៏ជោគជ័យ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា សូមថ្លែអំណរគុណចំពោះក្រសួងបរិស្ថាន ដែលបានដឹកនាំក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រដល់ក្រុមការងារអភិរក្សនេះ ដើម្បីរៀបចំនិងអនុវត្តផែនការសកម្មភាពអភិរក្សសត្វត្រយងកម្ពុជាកុំឱ្យផុតពូជ»៕ ដោយ៖សហការី