ភ្នំពេញ ៖ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មហាជន អ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង ជនរងគ្រោះ មានការងឿងឆ្ងល់ ទៅដល់លោក ចៅក្រម ស៊ើបសួរ ទិតសុទ្ធី បូរ៉ាឆាត បន្ទាប់ពីបានបើកការស៊ើបសួរ លើជនត្រូវចោទ ម្នាក់ពាក់ព័ន្ធបទល្មើសបង្កររបួសស្នាមមានស្ថានទម្ងន់ទោស រួចក៏សម្រេចឲ្យនៅក្រៅឃុំ ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលការ ក្នុងនោះរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ចៅក្រមស៊ើបសួរ ទិត សុទ្ធីបូរ៉ាឆាត ក៏បានសម្រេច លើជនត្រូវចោទ ចំនួន៣នាក់ដែលអ្នកលេងអន្ធពាលប្រើកាំបិតធំគួនអ៊ី និងដំបងអ៊ូខុង ៣ នាក់ ដោយចោទប្រកាន់ពីបទ.ហឹង្សាដោយមានស្ថានទម្ងន់ទោស និងកាន់ កាប់អាវុធខុសច្បាប់ ដែលជាបទល្មើសព្រហ្មទណ្ឌសុទ្ធសាធ ឲ្យនៅក្រៅឃុំ មានស៊េរីភាពដែរ ហើយក៏សង្ស័យសម្រេចលើបទល្មើសដទៃទៀត ឲ្យនៅក្រៅឃុំផងដែរ ដូចជាករណី ជនត្រូវចោទ ពាក់ព័ន្ធករណីឆបោកប្រជាពលរដ្ឋ ៣ ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌនគរបាល ។
បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះព្រោងព្រាត ជុំវិញបញ្ហានេះ ប៉ុន្តែមិនទាន់មានការ បកស្រាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចសាមីខ្លួន នៅឡើយ ថាតើការសម្រេចនេះ មានលក្ខណៈសមស្រប នៃទំហំបទល្មើសឬមួយយ៉ាងណា ?
សូមបញ្ជាក់ថា, ករណីទាំងនេះ សមត្ថកិច្ច មន្ត្រីនគរបាលយុត្តិធម៌ បានខិតខំ ស៊ើបអង្កេត ស្រាវជ្រាវ ជាមួយគណៈបញ្ជាការ ឯកភាពខណ្ឌ ចាប់ឃាត់ខ្លួន មកដោយលំបាក បែជាលោកចៅក្រម ទិតសុទ្ធី បូរ៉ាឆាត ដោះលែងឆៅៗតាមឆន្ទានុសិទ្ធិ ធ្វើអោយសមត្ថកិច្ចដែលខំចាប់ឃាត់ខ្លួនជនល្មើសក្រវីក្បាលដូចគោស្រាំងទិចចឹងអស់ហើយ ។
បើការដោះលែង ពុំមានយុត្តិធម៌ ប្រជាពលរដ្ឋ និង ជនរងគ្រោះ ពួកគាត់ក៏មានចិត្ត គិតថាពុំមានទំនុកចិត្តលើប្រព័ន្ធតុលាការ ដែលសម្រេចឲ្យជនបង្ក បទល្មើសជាក់ស្តែង អោយមានស៊េរីភាពបែបនេះ ។ ប៉ុន្តែនេះសំដៅលើបុគ្គល មិនមែនទៅលើចៅក្រមទាំងអស់ នោះឡើយ ។ សង្ឃឹមថា, ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម នឹងសិក្សាជុំវិញបញ្ហាខាងលើ ។ អ្វីដែលប្លែកត្រង់ថា, មានអ្នកលេង facebook បានផ្តល់រង្វាន់ ១លានរៀល ដល់ចៅក្រម ទិតសុទ្ធី បូរ៉ាឆាត ពូកែខាងដោះលែងជនល្មើស!
ពាក់ព័ន្ធករណីខាងលើ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចសុំការបំភ្លឺណាមួយពី អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ លោក អុី រិន្ទ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ តាមទូរស័ព្ទ ហើយតាមប្រព័ន្ធ Telegram អាចលោករវល់ មិនឃើញចូលមើល ដើម្បីទទួលបានការបកស្រាយនៅឡើយ៕
ដោយ : រ៉ា រ៉ា