ខេត្តស្វាយរៀង៖ លោកតាអាយុ៧៣ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំធ្វើការឃាត់ខ្លួនភ្លាមៗបន្ទាប់ពីទទួលពាក្យបណ្ដឹងពីម្ដាយក្មេងស្រីថា បានលក់កូនទៅឲ្យអ្នកដទៃកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ក្មេងស្រីដែលរងគ្រោះមានឈ្មោះ អ ស ន អាយុ៥ឆ្នាំមានទីលំនៅភូមិកណ្ដាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំពោះជនសង្ស័យមានឈ្មោះ អ៊ុក សឿង អាយុ៧៣ឆ្នាំ មុខរបរកសិកររស់នៅភូមិកណ្ដាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពបន្តថា យោងតាមពាក្យបណ្ដឹងពីបុរសឈ្មោះ យ៉ង់ សំណាង អាយុ៣៥ឆ្នាំមានទីលំនៅភូមិកណ្ដាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ត្រូវជាឪពុកក្មេងស្រីខាងលើបានប្ដឹងឈ្មោះ អ៊ុក សឿង អាយុ៧៣ឆ្នាំ ភេទប្រុស នៅភូមិកណ្ដាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពីបទជួញដូរកូនស្រីរបស់គាត់លក់ទៅឲ្យឈ្មោះ ធឿន ភេទស្រី មានមុខរបរនិងទីលំនៅមិនពិតប្រាកដ។
ក្រោយពីទទួលពាក្យបណ្ដឹងសមត្ថកិច្ចនគរបាលក៏បានស្រាវជ្រាវនិងឃាត់ខ្លួនមកសាកសួរនៅមុលដ្ឋាន។ក្រោយពីសាកសួរជនសង្ស័យឈ្មោះ អ៊ុក សឿង ក៏បានសារភាពថា ខ្លួនបានយកកូនទៅលក់ឲ្យឈ្មោះ ធឿន ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមច្បាប់។
ដោយ៖ យឹម សុថាន
...