ខេត្តតាកែវ៖ យោងតាមការបង្ហោះរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានឱ្យដឹងថា មេធាវីតំណាង ដោយអាណត្តិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមជាមួយ លោក ម៉ៅ ស៊ីណា ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តតាកែវ លោក សាំង ប្រុស អនុប្រធានមន្ទីរវប្បធម៌ លោក ពួយ រដ្ឋា អភិបាលរងស្រុកបូរីជលសារ និងអាជ្ញាធរពាក់ព័ន្ធនានា បានចុះពិនិត្យផ្ទាល់ទីតាំងជាក់ស្តែង ទួលទ្បឥដ្ឋបុរាណ មួយកន្លែង ស្ថិតនៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ។
ដោយជាលទ្ធផល៖ ក្រុមការងារទាំងអស់ ពិនិត្យ បានឃើញបំណែកភាជនី និងបំណែកវត្ថុបុរាណមួយចំនួន នៅទីតាំងទួលទ្បឥដ្ឋបុរាណក្រោយពីការឈូសឆាយរបស់ម្ចាស់ទីតាំង (លោក ម៉ៅ សារ៉ាត់ ភាគីទទួលបណ្តឹងពីករណីការឈូសឆាយទួលបុរាណ) ហើយខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានទទួលបំណែកវត្ថុបុរាណនោះមួយចំនួន ដើម្បីយកទៅធ្វើកោសល្យវិច័យនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការធ្វើការវិនិច្ឆ័យ និងអនុម័តតាមនីតិវិធីនៃច្បាប់ជាធរមាន៕ ដោយ៖ សូរិយា