ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ទី១២ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F8A) មូលហេតុបណ្ដាលមកពីក្រុមហ៊ុនឯកជនប្រើប្រាស់អេស្កាវ៉ាទ័រ កាយដីប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់វាលស្បូវ សង្កាត់ព្រែកប្រា សង្កាត់និរោធ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្នក្រុមការងារបច្ចេកទេស បានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។
ជាមួយគ្នានោះ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឱ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន៕ ដោយ៖សហការី