ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ មកពីខណ្ឌជ្រោយចង្វារ ខណ្ឌឬស្សីកែវ និងខណ្ឌព្រែក ព្នៅ សរុបជិត ៣០០នាក់ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១២ មករា ឆ្នាំ២០២៣ ។
លោកស្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងមនោសញ្ចេតនានឹករលឹកដ៏ជ្រាលជ្រៅពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារី ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនទាំងអស់គ្នានៅគ្រប់ទីកន្លែង ។
លោកស្រី បានបន្តទៀតថា រាជរដ្ឋាភិបាល បានជម្រុញការអនុវត្តក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម តាមរយៈ ការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធ សន្តិសុខសង្គមឲ្យកាន់តែមានវិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា ។ ម៉្យាងទៀត ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកប ដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ និងមានការរីកចម្រើនលើគ្រប់វិស័យ ដែលអនុញ្ញាតិឲ្យប្រជាពលរដ្ឋអាចប្រកបរបអាជីវកម្មគ្រប់បែបយ៉ាង ទៅតាមចំណេះ និងជំនាញរៀងខ្លួន ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុក្ខដាក់ និងគិតគូរដល់បុគ្គលិកបម្រើការងារនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះផងដែរ ។
លោកស្រី បាន អំពាវនាវដល់ ម្ចាស់អាជីវកម្ម បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមថែរក្សាសុខសន្តិភាព និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាថ្នាក់ដឹកនាំ និងសម្រេចចិត្តទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានមានការងារធ្វើ និងការអភិវឌ្ឍន៍បន្ត ។
ក្នុងឱកាសនោះផងដែរ លោកស្រី បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ: លោក ឃួង ស្រេង ជូនដល់ បុគ្គលិកបម្រើការងារ សេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនជិត ៣០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល ៕ សំរិត