រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិក លោក Merrick Garland នៅថ្ងៃទី១២ខែមករា បានតែងតាំងមេធាវី Robert Hur អតីតរដ្ឋអាជ្ញាសហព័ន្ធដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតី Donald Trump ធ្វើជាទីប្រឹក្សាពិសេសក្នុងការស៊ើបអង្កេតលើឯកសារសម្ងាត់ពាក់ព័ន្ធនឹងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី១២ខែមករា បានតែងតាំងរដ្ឋអាជ្ញាពិសេសម្នាក់ឱ្យដឹកនាំការស៊ើបអង្កេតលើការរក្សាទុកឯកសារសម្ងាត់នៅឯផ្ទះ និងអតីតការិយាល័យរបស់លោក បៃដិន។
ការបើកការស៊ើបអង្កេតខាងលើគឺជារឿងមួយដ៏អាស្រូវសម្រាប់លោក ចូ បៃដិន ពីព្រោះថារូបលោកផ្ទាល់ធ្លាប់បានរិះគន់ឥតសំចៃមាត់លើអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រឿងលាក់ទុកឯកសារសម្ងាត់ជាតិដោយខុសច្បាប់។ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក មឺរីគ ហ្កាលែន (Merrick Garland) បាននិយាយថា លោក រ៉ូបឺត ហួរ (Robert Hur) ដែលធ្លាប់បានបម្រើការជារដ្ឋអាជ្ញាសហព័ន្ធជាន់ខ្ពស់ម្នាក់ក្នុងរដ្ឋម៉ារីលែន (Maryland) នៅក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានតែងតាំងជារដ្ឋអាជ្ញាពិសេស ដើម្បីស៊ើបអង្កេតថា តើឯកសារសម្ងាត់ដែលត្រូវបានគេរកឃើញនៅឯផ្ទះរបស់លោក ចូ បៃដិន ក្នុងរដ្ឋ Delaware និងអតីតការិយាល័យរបស់លោកក្នុងទីក្រុងវ៉ាស៊ីនតោន ត្រូវបានរក្សាទុកដោយខុសច្បាប់ដែរឬទេ ហើយថាតើមានមនុស្ស ឬអង្គភាពណាមួយដែលបានបំពានច្បាប់ដែរឬក៏យ៉ាងណា?
ឯកសារសម្ងាត់ដែលត្រូវបានគេរកឃើញនៅឯផ្ទះរបស់លោក ចូ បៃដិន ក្នុងរដ្ឋ Delaware និងអតីតការិយាល័យរបស់លោកក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីពេលថ្មីៗនេះ គឺជាឯកសារតាំងតែពីនៅពេលលោក បៃដិន កាន់តំណែងជាអនុប្រធានាធិបតីអាមេរិកនៅក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ាមកម៉្លេះ៕ ដោយធីរីណា
រូបថត : AP