នៅថ្ងៃទី១២ ខែមករា តុលាការកំពូលនៃប្រទេសស្រីលង្កាបានចេញសេចក្តីសម្រេចដ៏សំខាន់មួយដោយបញ្ជាក់ថា អតីតប្រធានាធិបតី Maithripala Sirisena និងមន្ត្រីកំពូលបួននាក់ទៀតត្រូវតែទទួលខុសត្រូវចំពោះការបរាជ័យក្នុងការទប់ស្កាត់ការបំផ្ទុះគ្រាប់បែកនៅថ្ងៃបុណ្យ Easter កាលពីឆ្នាំ ២០១៩ ដែលបានសម្លាប់មនុស្ស 279 នាក់។ នោះជាការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតក្នុងប្រទេសកោះនេះចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលជនជាតិភាគតិច។
នៅថ្ងៃបុណ្យ ពួកភេរវករបានសម្របសម្រួលការបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើនទៅលើសណ្ឋាគារ និងព្រះវិហារកាតូលិក ដោយបានសម្លាប់ជនបរទេស ៤៥ នាក់ និងជាង៥០០នាក់រងរបួស។
ក្រុមចៅក្រមទាំង៧រូបបានសម្រេចថាអតីតប្រធានាធិបតីSirisena មានការធ្វេសប្រហែសក្នុងការមិនចាត់វិធានការដើម្បីការពារការវាយប្រហារ បើទោះបីជាមានការព្រមានពីប្រភពស៊ើបការណ៍សម្ងាត់ដែលគួរឱ្យទុកចិត្តកាលពីពីរសប្តាហ៍មុនពេលវាយប្រហារក៏ដោយ។ ក្រុមប្រឹក្សាបានបង្គាប់ឱ្យអតីតប្រធានាធិបតីអាយុ៧១ឆ្នាំ បង់ប្រាក់ចំនួន ២៧៣ ០០០ ដុល្លារដល់សមាជិកគ្រួសារជនរងគ្រោះដែលបានយកសំណុំរឿងទៅតុលាការ។ លើសពីនេះអតីតប៉ូលិសចារកម្ម និងប្រធានការពារជាតិរបស់ប្រទេសស្រីលង្កាក៏ត្រូវទទួលខុសត្រូវផងដែរ ហើយត្រូវសងសំណងដល់គ្រួសារជនរងគ្រោះ។
នេះជាលើកទីមួយហើយដែលប្រមុខរដ្ឋនៅស្រីលង្កាទទួលខុសត្រូវចំពោះការបរាជ័យក្នុងការការពារការវាយប្រហារពីក្រុមភេរវកម្ម៕ ដោយធីរីណា
រូបថត : TTXVN-VNA