ទីភ្នាក់ងារវាយតម្លៃអចលនទ្រព្យសកល Moody បានទស្សទាយថា ការកើនឡើងនៃតម្លៃយ៉ាងលឿននៃគេហដ្ឋាននៅក្នុងទីក្រុងរបស់ប្រទេសចិន អាចទាក់ទាញឲ្យមានការរឹតត្បិតការត្រួតពិនិត្យតម្លៃអចលនទ្រព្យនេះបន្ថែមទៀត។
លោក Franco Leung មន្ត្រីឥណទានជាន់ខ្ពស់ និងជាអនុប្រធានទីភ្នាក់ងារនេះបានមានប្រសាសន៍ថា តម្លៃគេហដ្ឋាននៅក្នុងទីក្រុងជាង ៧០ របស់ចិនបានបន្តកើនឡើងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ តម្លៃគេហដ្ឋាននៅក្នុងទីក្រុងទ្រនាប់ទី១របស់ចិនត្រូវបានគេមើលឃើញថា កើនឡើងខ្លាំងជាងគេ ជាពិសេសនៅក្នុងទីក្រុង Zhenzhen។
ចំនួនទីក្រុងដែលបានចុះបញ្ជីនៃតម្លៃដែលបានកើនឡើងកាលពីឆ្នាំមុនមានការកើនឡើងដល់ ៤៦ក្រុងនៅក្នុងខែមេសា បើធៀបនឹងខែមីនាដែលមានតែ ៤០ប៉ុណ្ណោះ។
ការកើនឡើងនៃតម្លៃគេហដ្ឋាននៅក្នុងទីក្រុង Shenzhen ទីក្រុង Shanghai ទីក្រុង Nangjing និងទីក្រុង Wuhan បានធ្វើឲ្យមានការរឹតបណ្តឹងការត្រួតពិនិត្យនៅក្នុងទីផ្សារអចលនទ្រព្យនៅចុងខែនេះ។ ក្នុងនោះតម្លៃគេហដ្ឋាន ដែលកើនឡើងខ្ពស់ជាងគេបំផុតនោះគឺទីក្រុង Shenzhen ពោលកើនឡើង ៦៣.៤ ភាគរយក្នុងខែមេសា ឆ្នាំ២០១៦ បន្ទាប់មកគឺទីក្រុង Shaghai ដែលមានចំនួន ៣៤.២ភាគរយ។
លោកបានបន្ថែមទៀតថា ការរឹតបណ្តឹងវិធានការគោលនយោបាយនេះអាចមានទិសដៅនៅក្នុងទីក្រុងជាច្រើន ដែលមានតម្លៃកើនឡើងខ្ពស់ ប៉ុន្តែវានឹងមិនបានបំពេញឲ្យគ្រប់តំបន់ទូទាំងប្រទេសនោះទេ។ គោលការណ៍នេះនៅតែគាំទ្រចំពោះទីក្រុងណា ដែលមិនមានតម្លៃគេហដ្ឋានកើនឡើងខ្លាំងដដែល៕
ដោយ៖ រ័ត្ន