ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូក្នុងឆ្នាំ២០២២!​ កម្ពុជា​ រកចំណូលបានជាង ៥៣១លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ​ បានបង្ហាញ​ថា៖​ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ​ នៅក្នុងឆ្នាំ២០២២កន្លងទៅ​ថ្មីៗ​នេះ​ កម្ពុជា​រកចំណូលបានជាង ៥៣១លានដុល្លារ។ បរិមាណនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅឆ្នាំ២០២២ មានការកើនឡើង ប៉ុន្ដែចំណូលថយចុះ ដោយសារតម្លៃលក់ជ័រកៅស៊ូធ្លាក់ចុះ ប្រមាណ ២២៥ដុល្លារក្នុង១តោន បើធៀបនឹងឆ្នាំ២០២១។

របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា៖ ចំណូលសរុបឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៥៣១,៨៦៣,៨៤២ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧,៧៧៤,៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤,០៨៩,២៧៣ដុល្លារ។

ចំពោះបរិមាណ នៃការនាំចេញនៅឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៣៧២,៩០០តោន បានកើនឡើងចំនួន ៦,៦០០តោន ស្មើនឹង២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ២៦,៤៨៩ម៉ែត្រគូប។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់បន្ថែមថា សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម នៅឆ្នាំ២០២២ ថ្លៃ ១,៤១៥ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន២២៥ដុល្លារ ក្នុងមួយតោន ស្មើនឹង១៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គួរជម្រាបដែរថា​ គិតត្រឹមឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។

គួរបញ្ជាក់ថា​ កម្ពុជា​ កាលពីឆ្នាំ២០២១​ រកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន ៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៦,២៩២ ម៉ែត្រគូប៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print