ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បាននិយាយថា អាកាសធាតុមានការប្រែប្រួល ភ្លៀងបានធ្លាក់ ជាបន្តបន្ទាប់នៅដើមខែមករានេះ ធ្វើឱ្យក្រុងស្រុកចំនួន៤ នៃខេត្តនេះ បានរងនូវការជន់លិច បង្កឲ្យខូចហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតាមភូមិឃុំរបស់ប្រជាពលរដ្ឋ។ លោក មានប្រសាសន៍បែបនេះ គ្រាដែល លោក បានដឹកនាំក្រុមការងារបច្ចេកទេស នៃមន្ទីរជំនាញអង្គភាពពាក់ព័ន្ធមួយចំនួន ចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្ដាលស្រុកមួយចំនួនក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ នេះជារបាយការណ៍ របស់អង្គភាព មន្ទីរព័ត៌មាន ខេត្តកំពង់ស្ពឺ ជម្រាបគោរពជូន លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។
មន្ទីរព័ត៌មានខេត្ត បានបន្តថា, ហើយ ក្រុង-ស្រុកដែលបានរងការវាយប្រហារនោះមាន ក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច។ បច្ចុប្បន្នអាជ្ញាធរស្រុកកំពុងចុះពិនិត្យយ៉ាងយកចិត្តដាក់បំផុតជុំវិញករណីនេះ ហើយក៏បានត្រៀមគ្រប់មធ្យោបាយដើម្បីបង្ការសង្គ្រោះពលរដ្ឋដែលរងគ្រោះជាយថាហេតុ។ជាមួយនិងការលើកឡើងនេះដែរ លោក វ៉ី សំណាង នៅមិនអាចបញ្ជាក់ពីចំនួនប៉ះពាល់ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម និងទ្រព្យសម្បត្តិពលរដ្ឋនៅឡើយទេ ខណៈក្រុមការងារស្រុក-ក្រុង ភូមិ-ឃុំកំពុងជាប់ដៃក្នុងជួយបង្ការសង្គ្រោះដល់ពលរដ្ឋចេញពីពីជំនន់ទឹកភ្លៀងនារដូវប្រាំងនេះ។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងថា ភ្លៀងនៅបន្តធ្លាក់នៅផ្នែកខាងលើ ទឹកបានហូរធ្លាក់មកផ្នែកខាងក្រោមបណ្តាលឱ្យអាងស្តុកទឹកមួយចំនួន មានមានធារទឹកកើនឡើង លើកម្រិតគួរឱ្យព្រួយបារម្ភ។ ទន្ទឹមនិងនេះមន្ទីរជំនាញក៏បានដាក់មន្ត្រីរបស់ខ្លួន នៅតាមគោលដៅសំខាន់ៗ ដើម្បីពិនិត្យតាមដាន ពីការប្រែប្រួលនៃកម្ពស់ទឹកផងដែរ។ ជាមួយនេះអាងស្តុកទឹកស្វយ័តអន្លង់ជ្រៃ នៃស្រុកថ្ពងទឹកឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន មន្ទីរជំនាញរួមជាមួយអាជ្ញាធរបង្ខំចិត្តបើកទ្វារទឹកទាំង៥ ដើម្បីរំដោះទឹកបញ្ជៀសពីការហូរច្រះធ្វើឲ្យបាក់ទំនប់ ជាយថាហេតុ។ តែទន្ទឹមនឹងការបើកទ្វារទឹកនេះ នៅផ្នែកខាងក្រោមនឹងមានការជន់លិចនៅចំនុចមួយចំនួន រដ្ឋបាលខេត្តបានប្រកាសឱ្យពលរដ្ឋត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់និងបង្កើនការប្រុងប្រយត្ន័ខ្ពស់ ចំពោះមនុស្សចាស់ និងកុមារតូចៗត្រូវតែបញ្ជូនទៅរកទីទួលសុវត្ថិភាព។
លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ក៏បានឱ្យដឹងដែរថា ផ្លូវជាច្រើនខ្សែត្រូវបានលិចលង់ និងកាត់ផ្តាច់ដោយអន្លើៗពីជំនន់ទឹកភ្លៀងនេះ។ការធ្វើចរាចរណ៍ នៃយានយន្តគ្រប់ប្រភេទ ត្រូវបានជាប់គាំងមិនអាចទៅមកបានចំពោះផ្លូវមួយចំនួន ហើយប្រសិនជាភ្លៀងនៅតែបន្តធ្លាក់ថែមទៀតនោះ ផ្លូវមួយចំនួននិងអាចបិទ ការធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន ដោយរងចាំទឹកស្រកទៅវិញផងដែរ៕
ដោយ : សិលា