ខេត្តស្វាយរៀង៖ លោកស្រី ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង
បានអំពាវនាវដល់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រកាន់តែមានការអភិវឌ្ឍរីកចម្រើន។
ការថ្លែងអំពាវនាវបែបនេះរបស់លោកស្រី ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្ការស្មីសាមគ្គីនិងបញ្ចុះបឋមសិលាសាងសង់សាលាឆាន់ ក្នុងវត្តដូង ស្ថិតក្នុងឃុំដូងស្រុករមាសហែក នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកអ៊ិនសាបន ប្រធានក្រុមប្រឹក្សាស្រុក លោកស៊ូម៉ុល អភិបាលស្រុកព្រមទាំងថ្នាក់ដឹកនាំ លោកមេឃុំក្រុមប្រឹក្សាឃុំនិងប្រជាពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនរូបទៀត។
ទន្ទឹមនឹងនោះដែរ លោកស៊ូម៉ុល អភិបាលស្រុករមាសហែកបានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកសៅសុខា ប្រធានក្រុមការងាររាជរដ្ឋាបាលចុះមូលដ្ឋានស្រុករមាសហែក ដែលជានិច្ចជាកាលលោកតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូបក្នុងទូទាំងស្រុកផងដែរ។
ក្នុងឪកាសនោះ លោកស្រី ឈុនសារឹម បានថ្លែងបន្តទៀតថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺមានការអភិវឌ្ឍរីចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលកត្តានេះគឺផ្តើមចេញពីប្រទេសយើងមានសុខសន្តិភាពពេញលេញ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះ ឲ្យនៅគង់វង្សយូរអង្វែង ពិសេសសូមបន្តការគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រទេសយើងកាន់តែមានការអភិវឌ្ឍរីកចម្រើនតទៅទៀត និយាយរួមគឺឲ្យវិស័យពុទ្ធចក្រនិងអាណាចក្រមានការរីកចម្រើនដូចគ្នា»។
លោកស្រី ក៏បានថ្លែងនូវក្តីមោទនភាពក្រៃលែងដែលប្រទេសយើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានចំណាត់ថ្នាក់ល្អក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ដែលរហូតមកដល់ថ្ងៃនេះ មិនមានអ្នកណាម្នាក់ស្លាប់បាត់បង់ជីវិតទេ។
ជាមួយគ្នានេះដែរលោកស្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្លួន ដើម្បីការពារពីជំងឺកូវីដ១៩និងបន្តចាក់វាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញអោយបានគ្រប់ៗគ្នាតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបន្តថាដោយឡែកសមិទ្ធផលថ្មីសាលាឆាន់នៅវត្តដូងក្នុងស្រុករមាសហែក ដែលត្រូវបញ្ចុះបឋមសិលានាជូនប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិស័ទ នាពេលនេះគឺជាតម្រូវការយ៉ាងចាំបាច់របស់វិស័យព្រះពុទ្ធសាសនាដែលមិនអាចខ្វះបាន។
បន្ថែមក្នុងនោះដែរ
លោកស្រី ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីអោយក្នុងភូមិ ឃុំ របស់យើង មានស្ថេរភាព សុខសុវត្ថិភាព និងមានការអភិវឌ្ឍផងដែរ៕ ដោយ៖ សុថាន