ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ បានឱ្យដឹងថា៖ ចំនួនគោលដៅសរុប ១០៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៩៦២គ្រឿង ម៉ូតូ ៨០២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២២១គ្រឿង មានម៉ូតូចំនួន ១៦៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបា វាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានោះ នៅថ្ងៃដដែល យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងដែរថា សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បណ្តាល ឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់) របួសធ្ងន់ ១១នាក់ (ស្រី ២នាក់) របួសស្រាល ៥នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា៖ គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២០នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១១លើក ៕ ដោយ៖ស តារា