ខេត្តរតនគិរី៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានផ្សព្វផ្សាយណែនាំ និងជំរុញការធ្វើបណ្ណកម្មសិទ្ធិលើដីរដ្ឋនៅទូទាំងខេត្តរតនគិរី។
ការផ្សព្វផ្សាយណែនាំនិងជំរុញខាងលើនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី១៦ខែ
មករា ឆ្នាំ២០២៣ក្រោមអធិបតីភាពលោកសរ សុវណ្ណ រដ្ឋលេខាធិការតំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីគរូបនីយកម្ម និង
សំណង់ និងលោក វ៉ាន់ សោភាអភិបាលរងខេត្តរតនគិរី។
លោកវ៉ាន់ សោភា បានលើកឡើងថា កន្លងមកការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុងខេត្តរតនគិរី នៅមិនទាន់បានរៀបចំឱ្យគ្រប់ជ្រុងជ្រោយនៅឡើយ ដោយ
សារតែមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់មួយចំនួននៅមិនទាន់បានអនុវត្តឱ្យបានពេញលេញក្នុងការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឬតារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំឱ្យបានទាន់ពេលវេលាដែលកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។
ដោយឡែកការចុះបញ្ជីអចលនទ្រព្យនិងការស្នើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក៏នៅមានការយឺតយ៉ាវ និងខ្វះចន្លោះជាច្រើន ដោយសារតែអចលនទ្រព្យមួយចំនួនស្ថិតក្នុងជម្លោះ ឬមានការជាប់ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋដែលបំពានកាន់កាប់ជាដើម។
លោកអភិបាលរងខេត្តបន្តថា ក្រោយពីមានការប្រជុំជំរុញការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងឆ្នាំ២០២២គឺមានមន្ទីរអង្គភាពនិងរដ្ឋបាលថ្នាក់ក្រោមជាតិតែ៣៤ប៉ុណ្ណោះដែលបានធ្វើតារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២១ បានរួចរាល់។
រីឯការចុះបញ្ជីអចលនទ្រព្យក្នុងខេត្តរតនគិរីមានសរុបចំនួន ៥៩២ ទីតាំង មានបណ្ណកម្មសិទ្ធិចំនួន១៤៨ ទីតាំង ស្មើនឹង ២៥% និងដីដែលគ្មានបណ្ណកម្មសិទ្ធិ មានចំនួន ៤៤៤ ទីតាំង ស្មើនឹង ៧៥%។
លោក សរ សុវណ្ណ រដ្ឋលេខាធិការតំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងបណ្ដាមន្ទីរ អង្គភាពទាំងអស់ក្នុងខេត្តរតនគិរីត្រូវកំណត់ទំហ៊ំក្បាលដីនិងចំនួនក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់។ បន្ថែមពីនោះត្រូវកំណត់ព្រំដីជាមួយដីជិតខាងឱ្យបានច្បាស់លាស់ ដើម្បីសម្រួលដល់ក្រុមការងារងាយស្រួលក្នុងការវាស់វែង ព្រមទាំងបញ្ជាក់ពីប្រវត្តិដីឱ្យបានជាក់លាក់ និងត្រូវបញ្ជាក់ តំណាងក្នុងការគ្រប់គ្រង សំដៅងាយស្រួល ក្នុងការចុះបញ្ជីដីធ្លីរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ ។
លោកក៏បានជំរុញដល់ក្រុមការងារចុះបញ្ជីដីរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចឱ្យ បានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល៕ ដោយ ៖ ជីវ័ន្ត