សាធារណរដ្ឋម៉ាល់ឌីវ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ ន៊ក្នុងសន្និសីទសារព័ត៌មានរួម ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ បានថ្លែងថា សម្រាប់ទំនាក់ទំនងខាងនយោបាយ ឆ្នាំ២០២៣នេះ គឺជាឆ្នាំខួបលើកទី២៨ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ដើម្បីបង្ហាញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា បានសម្រេចចិត្តជាមួយនឹងការជ្រើសរើសផ្លូវមួយខ្សែនៅទីក្រុងទេសចរណ៍មាត់សមុទ្ររបស់យើង ដាក់ឈ្មោះថា «ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ» ដែលនេះបង្ហាញពីចរិតប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរដោយចាប់ផ្តើមពីទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ផ្លូវមួយខ្សែនេះ នឹងប្រែក្លាយទៅជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ហើយប្រសិនបើអាចធ្វើទៅបានផ្លូវនេះអាចសម្ពោធរូមគ្នាក្នុងឱកាសដែល លោកប្រធានាធិបតី ម៉ាល់ឌីវ អញ្ជើញទស្សនកិច្ចនៅកម្ពុជា តែម្តង។ សម្តេចតេជោ ហ៊ុនសែនបានបន្តថា យើងនឹងធ្វើកិច្ចការងារនេះដើម្បីជានិមិត្តរូប នៃសាមគ្គីភាព រវាងកម្ពុជា និងម៉ាល់ឌីវ ដែលសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា,៖ កម្ពុជា មានតម្រូវការក្នុងស្រុកខ្ពស់សម្រាប់ត្រីខំកំប៉ុងរបស់ម៉ាល់ឌីវ។
សូមបញ្ជាក់ថា, នៅក្នុងសន្និសីទសារព័ត៌មានរួម ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជា ជាប្រទេសដែលមានទាំងត្រីទឹកសាប និងត្រីទឹកសមុទ្រ ក៏ប៉ុន្តែវាមិនគ្រប់នោះទេ។ ដូច្នេះគោលដៅដំបូងនៃការនាំចេញរបស់ម៉ាល់ឌីវ ទៅកាន់កម្ពុជា គឺត្រីខកំប៉ុង។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានប្រើប្រាស់ត្រីខកំប៉ុងចំនួនប្រមាណ១០ម៉ឺនកេះ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះ ហើយត្រីខកំប៉ុងនៅតែជាតម្រូវការបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ផលិតផលត្រីរបស់ម៉ាល់ឌីវ អាចនឹងក្លាយជាគោលដៅនាំចេញទៅកាន់កម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនកម្ពុជាផង និងអ្នកទេសចរណ៍ដែលមកទស្សនកិច្ចនៅកម្ពុជាផង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដល់លោក អ៉ីប្រាហ៉ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ ជាមួយនឹងការអញ្ជើញលោកមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ជាពិសេសអំឡុងពេលកម្ពុជា បើកព្រឹត្តិការណ៍ស៉ីហ្គេម។
ថ្លែងនៅចំពោះមុខប្រធានាធិបតីម៉ាល់ឌីវដោយផ្ទាល់ នៅរសៀលថ្ងៃ១៦ ខែមករា ឆ្នាំ២០២៣ ពេលមេដឹកនាំទាំងពីរ ធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅវិមានប្រធានាធិបតីម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងជាថ្មីអំពីការសួរសុខទុក្ខរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា អមដោយការអញ្ជើញរបស់លោកប្រធានាធិបតី សម្រាប់ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយប្រសិនអាចធ្វើទៅបាន គឺអញ្ជើញទស្សនកិច្ចនៅក្នុងពេលកម្ពុជាបើកព្រឹត្តិការណ៍ស៉ីហ្គេម នៅក្នុងខែឧសភា ឆ្នាំ២០២៣» ៕
ដោយ : សហការី