ភ្នំពេញ: រថយន្តចំនួន២គ្រឿងបានបេីកបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបណតប្រ៊ីត តាមបណ្តោយផ្លូវលេខ២០០៤ កែងនឹងផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកនីស្សាន់មួយគ្រឿងពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ2F-0653 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តព្រូសពណ៌ស ពាក់ស្លាកលេខរដ្ឋ07 2-5915 បើករដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រ៊ីតពីជើងទៅត្បូងចំពីចំហៀងកង់ខាងមុខខាងស្ដាំពេញទំហឹងបណ្ដាលឱ្យរថយន្តព្រូសវិលមួយជុំរងការខូចខាតយ៉ាងដំណំ។ចំណែករថយន្តនីស្សាន់ខ្ទេចផ្នែកខាងមុខ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ។ ក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្តនីស្សាន់បានចេញថ្លៃជួសជុលទៅឱ្យភាគីរថយន្តព្រូសដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ដោយ៖សុខាសែនជ័យ