ខេត្តត្បូងឃ្មំុ៖ កម្លាំងនគរបាលស្រុកត្បូងឃ្មុំ បានចុះបង្ក្រាប ក្រុមជួញដូរថ្នាំញៀន៦នាក់កំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀន កាលពីវេលាម៉ោង២ និង១៧នាទីរសៀលថ្ងៃទី៦ មិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ ស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ ត្រីឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ឱ្យដឹងថា កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ក្នុងខណៈពេលជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន។
លោកអធិការរងបានប្រាប់បន្តថានៅក្នុងប្រតិបត្តិការចុះបង្ក្រាបនេះកម្លាំង ជំនាញចាប់យកវត្ថុតាងបាន ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន ចំនួន១៥កញ្ចប់(ធំ៤ កញ្ចប់និងតូច១១ កញ្ចប់) ជញ្ជីងអេឡិចត្រូនិក១ គ្រឿង សម្ភារប្រើប្រាស់ និងឧបករណ៍វេចខ្ចប់មួយចំនួន និងអាវុធកែឆ្នៃ១ដើម។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាងល្មើសច្បាប់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណះ