ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីក្របខណ្ឌគណនេយ្យភាពពហុវិស័យ សម្រាប់ឆ្លើយតបជំងឺរបេង ក្នុងចំណោមអន្តរក្រសួង ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍ ដែលបានប្រព្រឹត្តឡើងនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។
នាឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងអំពីសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ លោកស្រីក៏បានថ្លែងអំណរគុណក្រៃលែងដល់ក្រុមការងារពីក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិដែលពាក់ព័ន្ធ ក៏ដូចជាបងប្អូនតំណាងឱ្យអ្នករងផលប៉ះពាល់ដោយសារជំងឺរបេងដែលបានចូលរួមគាំទ្រយ៉ាងសកម្ម និងខិតខំប្រឹងប្រែង ដើម្បីសម្រេចបានរាល់សកម្មភាពការងារនាពេលកន្លង និងសូមឱ្យមានការចូលរួមយ៉ាងសស្រាក់សស្រាំបន្តទៀតដើម្បីឈានទៅសម្រេចបាន លើការបញ្ចប់ការរាតត្បាតជំងឺរបេង នាឆ្នាំ២០៣០ ខាងមុខនេះ៕ ដោយ៖សហការី