ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់ជីដូនប្រញាប់ប្រញាល់រាយការណ៍ទៅសមត្ថកិច្ច ខណៈដែលគាត់ប្រទះឃើញចៅប្រុសលង់ទឹកស្រែពេលគាត់កំពុងជាប់ធ្វើម្ហូបនិងដោយមានការធ្វេសប្រហែសព្រោះមិនដឹងថាចៅរត់ទៅតាមជីតាដាក់មងយកត្រី។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិស្រះ ឃុំជ្រៃធំ ស្រុកមាសហែក ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះឃឿន សុវណ្ណ ភេទប្រុស អាយុ១ឆ្នាំ១០ ខែ មានទីលំនៅភូមិស្រះ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលសព្វថ្ងៃក្មេងប្រុសខាងលើរស់នៅជាមួយតានិងយាយ ដោយឪពុកម្ដាយទៅធ្វើការនៅភ្នំពេញ។
តាមការបំភ្លឺរបស់ឈ្មោះសុខ វាត អាយុ៥៣ឆ្នាំត្រូវជាជីតាបានឱ្យដឹងថា គាត់បានចេញទៅដាក់មងរកត្រី ដោយទុកចៅឈ្មោះឃឿន សុវណ្ណ ឱ្យនៅជាមួយយាយតែ២នាក់ រហូតដល់ម៉ោង៤ និង១០នាទីរសៀលទើបប្រពន្ធរបស់គាត់ បានទូរស័ព្ទទៅប្រាប់គាត់ថា ចៅបានលង់ទឹកស្រែខាងក្រោយផ្ទះស្លាប់បាត់ហើយ។ ពេលគាត់ទទួលបានដំណឹងនេះតាមទូរស័ព្ទភ្លាម ក៏ត្រឡប់មកដល់ផ្ទះឃើញចៅបានលង់ទឹកស្រែស្លាប់បាត់ទៅហើយ។
ចំណែកជីដូនឈ្មោះចាន់ យឿន បានឱ្យដឹងថា នៅពេលប្ដីគាត់ចេញទៅដាក់មងរកត្រីបាត់គាត់នៅតែ២នាក់ចៅឈ្មោះឃឿន សុវណ្ណ ដោយពេលនោះគាត់ពុំបានចាប់អារម្មណ៍មើលចៅរត់លេងទេដោយរវល់តែធ្វើត្រីនៅខាងលិចផ្ទះ ដល់ពេលងើបមុខមើលមកចៅក៏ស្រាប់តែបាត់ពុំឃើញរត់លេង គាត់បានដើររកនៅបរិវេណផ្ទះនិងក្នុងទឹកស្រែក៏ប្រទះឃើញចៅលង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង។
នៅពេលទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុករមាសហែក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិងក្រមគ្រូពេទ្យចុះដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវនិងពិនិត្យសាកសព។ ក្រោយពីពិនិត្យរួចហើយបានសន្និដ្ឋានថា ក្មេងប្រុសខាងលើពិតជាស្លាប់ដោយសារលង់ទឹកឈ្លក់ស្លាប់ប្រាកដមែន។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុមកពីក្រុមគ្រួសារខ្វះការប្រុងប្រយ័ត្ន។បន្ទាប់មកសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ ដោយ៖សុថាន