សម្ដេចតេជោ ហ៊ុនសែន ៖ មន្ទីរពេទ្យជាតិតេជោសន្តិភាព នឹងក្លាយមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ប្រមាណ ១ ២០០ នាក់ សម្តេចតេជោ បានថ្លែងថា មន្ទីរពេទ្យជាតិតេជោសន្តិភាព បើធៀបនឹងមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត គឺធំជាង ១០ដង ខណៈមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ទទួលបានអ្នកជំងឺតែ ១ពាន់គ្រែ សូម្បីចំណតរថយន្តដ៏ធំជាងមន្ទីរពេទ្យនោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា ដោយមានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ។ មន្ទីរពេទ្យនេះអាចផ្តល់សេវាព្យាបាលគ្រប់ផ្នែកទាំងអស់ ដែលមានគ្រែសម្រាកព្យាបាលដល់ទៅជិត ១ម៉ឺនគ្រែ។

សម្តេចតេជោបានថ្លែងថា៖ «មន្ទីរពេទ្យនេះរឹងមាំណាស់ ដែលមានសមត្ថភាពដល់ ៧០ឆ្នាំ តែបើយើងមិនចេះថែទាំទេ វាតែ ១០ឆ្នាំខ្ទេច»។

«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញមានចំនួន ១១អគារដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧ ៤៨០ ម៉ែត្រការ៉េ អគារព្យាបាលកម្រិតធ្ងន់ (H1និង H2) មានគ្រែសរុបចំនួន ៥២៧គ្រែ អគារព្យាបាលកម្រិតស្រាល (H3,H4,H5,H6 និងH7) មានគ្រែសរុប ៨ ៩៦៩គ្រែ គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន ៤៦គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ អគារបច្ចេកទេស (T1) អគារបច្ចេកទេស (T2) អគារផ្គត់ផ្គង់និងព័ត៌មាន (A) មានទំហំ ២ ៨៣៥ម៉ែត្រការ៉េ អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧ ០២៦ ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន ២១០គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤ ៤៩០ម៉ែត្រការ៉េ។

មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះសាងសង់ឡើងដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

មន្ទីរពេទ្យជាតិដ៏ធំមួយនេះគ្រោងនឹងបញ្ចប់ការសាងសង់ រួចជាស្ថាពរនិងដាក់ឲ្យដំណើរការជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីប្រកាសឲ្យរើសពេទ្យបន្ថែម ២០០នាក់បន្ថែមទៀត បន្ថែមលើបុគ្គលិកបច្ចុប្បន្ន ១ ០០០នាក់ ដើម្បីធ្វើការនៅមន្ទីរពេទ្យជាតិតេជោសន្ដិភាព។

ថ្លែងក្នុងពិធីពិនិត្យការសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាពនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ថា៖ «សង្គមដែលមានការជឿនលឿនគឺតម្រូវការផ្នែកវិស័យអប់រំ សង្គមកិច្ច សុខាភិបាល។ កាលណាកាលផ្ដោតលើវិស័យហ្នឹងគឺវាល្អវិញទេសម្រាប់ប្រទេសមួយ។ ចាប់ពីពេលនេះទៅគឺវិស័យសុខាភិបាលហ្នឹងអប់រំគឺត្រូវបានចាត់ទុកវាអាទិភាពជាងគេ»។

ក្រៅពីសម្ដេចក៏ប្រកាសឲ្យរើសបុគ្គលិកជាប់កិច្ចសន្យាដូចជា អ្នកបើករថយន្ត អ្នកសំអាតចំនួន ៣០០នាក់បន្ថែមទៀតផងដែរ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print