ក្រុមហ៊ុន Ineos របស់មហាសេដ្ឋីអង់គ្លេសលោក Sir Jim Ratcliffe បានប្រកាសជាផ្លូវការនូវចំណាប់អារម្មណ៍ក្នុងការទិញក្លិបបិសាចក្រហម Manchester United។ ម្ចាស់ក្លិប United ដែលជាគ្រួសារ Glazer បានប្រកាសកាលពីខែវិច្ឆិកាថា ពួកគេកំពុងពិចារណាលក់ក្លិប ខណៈដែលពួកគេស្វែងរកជម្រើសជាយុទ្ធសាស្ត្រថ្មី។
Ineos បានអះអាងថា ក្រុមហ៊ុនបានប្រកាសជាផ្លូវការទៅក្នុងដំណើរការចរចាទិញក្លិបនេះ។ លោកRatcliffe បានធ្វើសំណើមិនបានសម្រេចនៅក្នុងតម្លៃប៉ាន់ប្រមាណ៤.២៥ពាន់លានផោន ដើម្បីទិញChelsea កាលពីឆ្នាំមុន បន្ទាប់ពីម្ចាស់ជនជាតិរុស្ស៊ីលោក Roman Abramovich បានដាក់ក្លិបនៅទីក្រុងឡុងសម្រាប់លក់។
ជាកូនប្រុសរបស់អ្នករួមការងារនៅ Failsworth ក្នុង Greater Manchester លោក Ratcliffe គឺជាអ្នកគាំទ្រកាលពីក្មេងរបស់ក្លិប United និងជាបុរសមានបំផុតម្នាក់របស់ចក្រភពអង់គ្លេស។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ត្រូវបានគេប៉ាន់ប្រមាណនៅកន្លែងណាមួយរវាង១១ពាន់លានផោន (យោងតាមទស្សនាវដ្ដី Forbes) និង៦ពាន់លានផោន (យោងតាមទស្សនាវដ្តី Sunday Times) ដែលធ្វើឲ្យគាត់ក្លាយជាអ្នកមានបំផុតទី២៧នៅចក្រភពអង់គ្លេសក្នុងតារាង Sunday Times Rich List ។
ក្រុមហ៊ុនគីមីឥន្ធនៈរបស់គាត់ Ineos រកបានប្រហែល៥០ពាន់លានផោនក្នុងការលក់ប្រចាំឆ្នាំ និងផ្តល់ការងារដល់មនុស្សជាង២៦,០០០នាក់នៅទូទាំង២៩ប្រទេស។ បន្ទាប់ពីការបរាជ័យរបស់គាត់ក្នុងការទិញ Chelsea លោក Ratcliffe បាននិយាយថាគាត់នឹងព្យាយាមទិញក្លិប United ប៉ុន្តែបន្ទាប់ពីជួបជាមួយបងប្អូនប្រុស Joel និង Avram Glazer គាត់បាននិយាយថា ពួកគេមិនចង់លក់ទេ។ ទោះជាយ៉ាងណាក៏ដោយចាប់តាំងពីពេលនោះមកត្រកូល Glazers បានផ្លាស់ប្តូរជំហររបស់ពួកគេ ហើយឥឡូវនេះគាត់បានចូលរួមក្នុងដំណើរការដេញថ្លៃ។
ក្រុម Ineos កាន់កាប់ក្លឹបបារាំង Ligue 1 ក្លិប Nice និងក្លិបស្វីស Lausanne ។ ផលប័ត្រផ្នែកកីឡារបស់ពួកគេក៏រួមបញ្ចូលផងដែរនូវក្រុមកីឡាទូកក្តោងឈ្មោះ Ineos Britannia ដែលដឹកនាំដោយលោក Sir Ben Ainslie ដែលមានបំណងឈ្នះពានរង្វាន់America’s Cup ឆ្នាំ២០២៤ សម្រាប់ចក្រភពអង់គ្លេស។ Ineos ក៏មានភាពជាដៃគូរយៈពេល៥ឆ្នាំជាមួយនឹងក្រុម Formula 1 ក្រុមMercedes និងបានកាន់កាប់ក្រុម Team Sky ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសក្នុងការជិះកង់ក្នុងឆ្នាំ២០១៩។
មានការតវ៉ាជាច្រើនប្រឆាំងនឹងការកាន់កាប់របស់ត្រកូល Glazers ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងមួយក្នុងខែឧសភាឆ្នាំ២០២១ ដែលបណ្តាលឱ្យការប្រកួតលីកផ្ទះរបស់ Man Utd ទល់នឹង Liverpool ត្រូវបានពន្យារពេល។ អ្នកគាំទ្ររាប់ពាន់នាក់បានដើរដង្ហែទៅកាន់ Old Trafford ក្នុងការតវ៉ាមុនពេលការប្រកួតដូចគ្នានៅរដូវកាលនេះក្នុងខែសីហា។
គួរបញ្ជាក់ថា ក្លិប Manchester United ត្រូវបានគ្រប់គ្រងដោយគ្រួសារ Glazer តាំងពីឆ្នាំ២០០៥។ ក្រុមនេះស្ថិតក្នុងចំណាត់ថ្នាក់ទី៤ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីមានភាពប្រសើរឡើងក្នុងទម្រង់លេងក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Erik ten Hag ដែលបានចូលកាន់តំណែងកាលពីរដូវក្តៅ។ Man United បានយកឈ្នះគូប្រជែងក្នុងស្រុក Manchester City ២–១កាលពីថ្ងៃសៅរ៍ ហើយមាន៩ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal ៕ (រូបភាព ៖ BBC Sport)