សម្តេចស ខេង អនុញ្ញាតឱ្យលោកSudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ចូលជួបជម្រាបលា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ អនុញ្ញាតឱ្យលោក Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារ ណៈរដ្ឋឥណ្ឌូនេស៊ី ចូលជួបជម្រាបលា នាឱកាសដែលលោកបញ្ចប់បេសកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃខ្ពស់ចំពោះបេសកម្មការទូតរបស់លោកនៅកម្ពុជា។ ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ក៏បានសម្តែងនូវសេចក្ដីរីករាយ និងគាំទ្រចំពោះលទ្ធផលផ្លៃផ្កាជាច្រើន នៅក្នុងអាណតិ្តការងាររបស់ឯកឧត្តម ដែលបានបំពេញរយៈពេលកន្លងទៅ រហូតមកដល់ពេលនេះ។ ទន្ទឹមនេះ សម្ដេចក្រឡាហោម ក៏បានសម្តែងការយល់ឃើញថា តាមរយៈលទ្ធផលទាំងនោះ ពិតជាបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា- ឥណ្ឌូនេស៊ី ក៏ដូចជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរួមនៅក្នុងតំបន់អាស៊ានទាំងមូលផងដែរ។

សម្ដេចក្រឡាហោម បានជម្រាបជូនលោកទូតថា កម្ពុជា ទើបតែបញ្ចប់តួនាទីរបស់ខ្លួនជាប្រធានប្ដូរវេនអាស៊ាន ក្នុងឆ្នាំ២០២២ តាមរយៈកិច្ចប្រជុំនេះ ក៏បានចូលរួមចំណែក ពង្រឹងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា -ឥណ្ឌូនេស៊ី ផងដែរ។ ជាងនេះទៀត សម្ដេចក្រឡាហោម ក៏សូមយកឱកាសនេះចូលរួមអបអរសាទរចំពោះឥណ្ឌូនេស៊ី ដែលទទួលតួនាទីជាប្រធានប្ដូរវេនអាស៊ាន បន្ដពីប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម បានលើកឡើងផងដែរថា តាមរយៈជំនួបពិភ្សាការងារកន្លងមករវាង សម្ដេច ជាមួយលោកជំទាវ រដ្ឋមន្ដ្រីក្រសួងការបរទេសឥណ្ឌូនេស៊ី ភាគីទាំងពីរក៏បានឯកភាពជំរុញដល់ការពិភាក្សាទៅលើសេចក្ដីព្រាង MOU ដែលបង្កើតជាក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការចំពោះ សន្ដិសុខ ជាពិសេស គឺការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ សម្ដេច បានសង្ឃឹម និងជឿជាក់ថា នាពេលឆាប់ៗខាងមុខ ក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរ នឹងជជែងពិភាក្សាទៅលើកិច្ចការងារនេះ បន្ទាប់ពីសម្រេចនូវការងារទាំងស្រុងនាពេលខាងមុខ។ MOUនេះនឹងបម្រើដល់ផលប្រយោជន៍រួមយ៉ាងច្រើនទៅដល់ប្រទេសទាំងពីរ ជាពិសេស គឺការពារនូវផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ គឺកម្ពុជា និងឥណ្ឌូនេស៊ី។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនឯកអគ្គរដ្ឋទូត ថា រហូតមកដល់ពេលនេះ រយៈពេលប្រមាណជាច្រើនឆ្នាំមកហើយ គឺរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែដំណើរការកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការនៅព្រះរាជាណាចក្រកម្ពុជា ហើយកន្លង មក កម្ពុជា ក៏ធ្លាប់បានបញ្ជូនមន្ដ្រីដើម្បីទៅទស្សនកិច្ចសិក្សា ដកបទពិសោធន៍ អំពីការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ពីសាធារណៈរដ្ឋឥណ្ឌូនេស៊ីផងដែរ។ ក្នុងន័យនេះ សម្ដេចក្រឡាហោម បានលើកទឹកចិត្តដល់ភាគីទាំងពីរក្នុងការបន្ដពិនិត្យ និងពិភាក្សា លើការចែករំលែងបទពិសោធន៍គ្នាទៅវិញ ទៅមក ពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការ សំដៅធ្វើយ៉ាងណាទទួលបានបទពិសោធន៍ថ្មីៗ ល្អៗ ដើម្បីពង្រឹងនូវប្រសិទ្ធិភាព នៃការគ្រប់គ្រងរដ្ឋបាលដែនដី ក៏ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចស ខេង ចំពោះការវាយតម្លៃ លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី ហើយក៏សូមថ្លែងអំណរគុណចំពោះការគាំទ្រដល់កិច្ចការងាររបស់ឯកឧត្តម ក្នុងអាណត្តិការងាររបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា។

លោកឯកអគ្គរដ្ឋទូតក៏សូមយកឱកាសនេះ សម្តែងនូវការអបអរសាទរចំពោះកម្ពុជាដែលបានរៀបចំកិច្ចប្រជុំអាស៊ានប្រកបដោយជោគជ័យ និងក្នុងបរិយាកាសប្រកបដោយសន្តិសុខ សុវត្ថិភាពតាមការគ្រោងទុក។ តាមរយៈបទពិសោធន៍ដែលកម្ពុជាទទួលបានពីកិច្ចប្រជុំអាស៊ានកន្លងទៅនេះ ឯកឧត្តម មានជំនឿថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តរៀបចំព្រឹត្តការណ៍អន្តរជាតិសំខាន់ៗខាងមុខទៀត ជាពិសេសនោះគឺការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលនឹងប្រារព្ធឡើងនៅពេលឆាប់ៗខាងមុខនេះ។

បន្ថែមពីនេះលោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចក្រឡាហោម លើការដឹក នាំការងារប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស។ ជាមួយ គ្នានេះលោកក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរកង កម្លាំងនរគបាលជាតិ មន្ត្រីអន្តោរប្រវេសន៍ ដែលបានជួយគាំទ្រដល់ពលរដ្ឋឥណ្ឌូនេស៊ី ដែលជួបប្រទះបញ្ហាផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។

លោកឯកអគ្គរដ្ឋទូតក៏បានលើកឡើងនូវវឌ្ឍនភាពរបស់កម្ពុជានាពេលកន្លងមក ដោយលោកសូមវាយតម្លៃជារួមនូវវឌ្ឍនភាព ជាប្រទេសដែលមានសុខសន្តិភាព ដែលនេះគឺជាកត្តាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសដើម្បីសម្រេចបាននូវគោលដៅដែលរដ្ឋាភិបាលបានដាក់ចេញ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

លោកឯកអគ្គរដ្ឋទូតក៏បានលើកឡើងដែរថា នៅក្នុងពេលបំពេញការងារនៅប្រទេសកម្ពុជាលោកទទួលបានអនុស្សាវរីយ៍ល្អៗ ជាច្រើន ហើយក៏ទទួលបាននូវកិច្ចសហប្រតិបត្តិការល្អ ជាច្រើនពីក្រសួង ស្ថាប័នពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាអ្វីដែលលោកចងចាំ ហើយលោកសង្ឃឹមថា នឹងបានវិលត្រឡប់មកកាន់កម្ពុជាវិញ នៅក្នុងឱកាសណាមួយ នៅពេលអនាគតខាងមុខ។

...

ជាការឆ្លើយបត សម្តេចក្រឡាហោម ស ខេង សូមថ្លែង អំណរគុណចំពោះការវាយតម្លៃ និងពាក្យពេចន៍ប្រកប ដោយការលើកទឹកចិត្តរបស់លោកមកលើកម្ពុជា សម្តេចផ្ទាល់ត្រៀមខ្លួនជានិច្ចក្នុងការបន្តនូវកិច្ចសហការជា មួយឯកអគ្គរដ្ឋទូតថ្មីដែលបន្តពីលោកក្នុងនោះសម្តេចស ខេងក៏សូមជូនពរ ដល់លោកសូមទទួលបានជោគជ័យ ក្នុងពេលដែលបំពេញបេសកកម្មបន្តនាពេលខាងមុខ ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print