ខេត្ដស្វាយរៀង ៖ អាជ្ញាធរស្រុករំដួលប្រើធម៌ក្ដៅ ចុះផ្អាកសកម្មភាពចាក់ដីចូលព្រែកនិងបញ្ជាអោយម្ចាស់គ្រឿងចក្រកាយដីឡើងវិញនៅព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២៣ស្ថិតនៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ១៣ ស្ថិតនៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។
យោងតាមលោក ហែម សុីណា អភិបាលស្រុករំដួលបានអោយអ្នកសារព័ត៌មានដឹងថាលោកបានដឹកនាំក្រុមការងារចម្រុះ ចុះផ្អាកសកម្មភាពក្រុមរថយន្ដជីកដីដឹកដីមួយកន្លែងរបស់លោក ហុក សុខា ដែលជាម្ចាស់គ្រឿងចក្រកាយដីចំណីព្រែកដែលជាកម្មសិទ្ធរបស់រដ្ឋ។
លោកបន្តថា ការជីកដីព្រែក និងចាក់ចូលដីព្រែក កាលពីថ្ងៃទី១៨ខែមករា ឆ្នាំ២០២៣ លោក បានចាត់ឱ្យលោក អភិបាលរងស្រុក ដឹកនាំមន្ត្រីជំនាញរបស់សាលាស្រុក កម្លាំងសមត្ថកិច្ច និងអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យជាក់ស្តែងឃើញថា មានការជីកដីព្រែកនិងចាក់ចូលដីព្រែកពិតមែន ដោយក្រុមម្ចាស់គ្រឿងចក្រ ពុំបានសុំច្បាប់ឲ្យបានត្រឹមត្រូវនោះទេ ដូច្នេះហើយអាជ្ញាធរស្រុកក៏ផ្អាកសកម្មភាពកាយដីនេះជាបន្ទាន់ ផងដែរ។
ហើយនាថ្ងៃនេះលោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុករំដួល ចុះទៅពិនិត្យមើលដោយផ្ទាល់ហើយបានដកហូតគ្រឿងចក្រយកមករក្សាទុករង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកឯដីចាក់ចូលដីព្រែកត្រូវកាយដីឡើងវិញហើយរង់ចាំចំណាត់ការរបស់ថ្នាក់លើសិន។
ចំពោះការចុះផ្អាកសកម្មភាពនិងដករហូតគ្រឿងចក្រនេះព្រោះថាគ្រឿងចក្រគ្មានច្បាប់អនុញ្ញាតហើយចាក់ដីចូលព្រែកមិនគោរពតាមអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានភូមិ ឃុំនិងស្រុក ចំពោះ ការកាយដីចេញវិញនេះមិនមែនបញ្ចប់រឿងនោះទេគឺអាស្រ័យទៅលើថ្នាក់ដឹកនាំលោកជាអ្នកសម្រេច៕ដោយ៖ សុថាន