ខេត្តបាត់ដំបង៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីងទាំងព្រឹកព្រលឹម ខណៈដែលប្រជាពលរដ្ឋនាំគ្នារត់ចែកជេីងគ្នាជួយធ្វើអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យដែលកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅក្រុងបាត់ដំបង និងអ្នកខ្លះទៀតរាយការណ៍ប្រាប់សមត្ថកិច្ចជួយជួយធ្វើអន្តរាគមន៍ផងដែរ។
ករណីអគ្គិភ័យខាងលេីនេះបានកេីតឡេីងនៅវេលាម៉ោង០៥និង៣០នាទីព្រលឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះស្ថិតនៅក្រុម៣០ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ករណីអគ្គិភ័យនេះបណ្តាលឱ្យឆេះផ្ទះ ប្រជាពលរដ្ឋចំនួន០១ខ្នង(ឆេះជាន់ទី០១) ទំហំ៤ម៉ែត្រx២២ម៉ែត្រ សង់ពីបេតុង ប្រក់ស័ង្កសី ។
ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ភ្លាមនោះកម្លាំងសមត្ថកិច្ចចម្រុះ និងរថយន្តពន្លត់អគ្គិភ័យ ចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយបានបាញ់ទឹករលត់ទាំងស្រុងនៅម៉ោង០៦ និង៣០នាទីថ្ងៃដដែល។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង (រថយន្តស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង) ដោយប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ។ មូលហេតុកំពុងស្រាវជ្រាវបន្ត ហើយអគ្គិភ័យនេះបណ្តាលឱ្យខូចខាតសម្ភារៈ ប្រើប្រាស់មួយចំនួន និងពុំឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ ហេតុការណ៍ នេះពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ៕