ភ្នំពេញ៖ នគរបាលខណ្ឌពោធិ៍សែនជ័យក្រោមការបញ្ជាផ្តល់របស់លោក យឹម សារ៉ាន់ អធិការខណ្ឌបានស្រាវជ្រាវរកមុខ ខ្មាន់កាំភ្លើងដែលបាន បាញ់ប្រហារបុរសម្នាក់ ពេលកំពុងនៅមុខផ្ទះបណ្តាលឲ្យធ្លាយភ្លៅ កាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខដេប៉ូឈើ ស្ថិតក្នុងភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រហូតមកដល់វេលារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ ត្រូវបាននគរបាកខណ្ឌពោធិ៍សែនជ័យធ្វើឃាត់ខ្លួននៅចំណុចនៅផ្ទះជនបង្ក ក្នុងសង្កាត់សំរោងក្រោម។
ជនរងគ្រោះមានឈ្មោះ សុខ ចិន អាយុ៣៨ឆ្នាំ មានមុខរបរជាកម្មករឈើ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ ។ ចំណែកជនបង្កឈ្មោះ ឆាង វណ្ណា អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
គួរបញ្ជាក់ថា បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងគ្មីគ្នា២នាក់ទៀតបាននាំគ្នាអង្គុយលេងនៅលើផ្លូវរទេះភ្លើងកន្លែងកើតហេតុ ខណៈជជែកគ្នាលេង ស្រាប់តែមានបុរស២នាក់ជិះម៉ូតូម៉ាកស្តុបពី ពណ៌ស មិនចាំស្លាកលេខ ជិះទិសដៅពីទៅកើត ទំនងជាមានស្ថានភាពស្រវឹងស្រាផងនោះ ដោយបានជិះកិនឈើដែលនៅមុខដេប៉ូ ហើយក៏បានស្រែកជេរគេឯង លឺដូច្នេះជនរងគ្រោះក៏បានរើសដុំថ្មស្ទុះទៅតែម្នាក់ គប់សំដៅទៅបុរស២នាក់ខាងលើ ។ ប្រភពបន្តថា ដោយទំនងជាខឹងនឹងជនរងគ្រោះពួកគេម្នាក់ក្នុងចំណោម២នាក់ បានដកកាំភ្លើងខ្លីចេញពីចង្កេះបាញ់មកលើជនរងគ្រោះ៣គ្រាប់ បណ្តាលឱ្យរងរបួសចំជើងខាងឆ្វេងចំនួន១គ្រាប់ រួចជិះគេចខ្លួនបាត់តែម្តង ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមះ ។
លោកយឹមសារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា លុះរហូតមកដល់រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ដោយមានការបញ្ជាពីលោកនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ ទើបលោកបានបើកការស្រាវជ្រាវរហូតទៅដល់ធ្វើការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតនៅក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីបន្តទៀត៕
ដោយ៖ សុខាសែនជ័យ
...