ភ្នំពេញ ៖ កីឡាការិនីចំបាប់ ចូវ សុធារ៉ា បានប្រកាសថា ខ្លួននឹងចូលនិវត្តន៍បន្ទាប់ពីចូលរួមការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦នៅប្រទេសប្រេស៊ីល ដោយនាង បញ្ជាក់ថា នាងពិតជាស្កប់ស្កល់ហើយ សម្រាប់អាជីពជាអ្នកកីឡាម្នាក់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាកម្រិតពិភពលោក ហើយនាងនឹងត្រឡប់មកធ្វីជាគ្រូ ចំបាប់វិញដើម្បីជួយបណ្តុះបណ្តាលយុវ ជនជំនាន់ក្រោយជំនួសអាជីពជាកីឡាការិនី ជម្រើសជាតិ ។
កីឡាការិនី ចូវ សុធារ៉ា បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា នៅពេលដែលនាងទៅប្រកួតនៅព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅនាខែកញ្ញានៅប្រទេសប្រេស៊ីល នោះនាងនឹងព្យាយាមធ្វើឲ្យបានល្អបំផុត ពីព្រោះយើងដឹងហើយថា កីឡាអូឡាំពិក មិនមែនចេះតែកីឡាករកីឡាការិនីណាម្នាក់ចង់ទៅប្រកួតបានតាមចិត្តឡើយ ដូច្នេះមុននាងត្រឡប់មកធ្វើជាគ្រូបង្វឹកវិញនាងត្រូវតែខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីកសាងកេរ្តិ៍ឈ្មោះនាំយកកិត្តិយសមកជូន ជាតិ ។ កីឡាការិនីដែលមានបទពិសោធន៍ ក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ Asian Games ចំនួន៣លើករួចហើយនោះបានអះ អាងថាចំពោះកីឡាអូឡាំពិកនេះនាងទើបបានចូលរួមជាលើកទី១ប៉ុណ្ណោះ ហើយក៏ជាបំណងប្រាថ្នារបស់នាងតាំងពីនាងបានចូលហាត់ចំបាប់មកម្ល៉េះ ។ ទោះបីយ៉ាង ណានាងចាត់ទុកថា វត្តមានរបស់នាងនៅកីឡាអូឡាំពិកលើកទី១នេះក៏អាចធ្វើឲ្យរូបនាងស្កប់ស្គាល់ដែរ ពីព្រោះវ័យរបស់កាន់ តែចាស់ហើយដែរ ។
កីឡាការិនី ចូវ សុធារ៉ា ត្រូវបានសហ ព័ន្ធកីឡាចំបាប់បញ្ជូនឲ្យទៅហ្វឹកហាត់ មួយរយៈនៅប្រទេសកូរ៉េខាងត្បូងតាម រយៈគណៈកម្មាធិការជាតិអូឡាំពិក ដោយមានការជួយឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡាដើម្បីត្រៀមប្រកួតវគ្គជម្រុះ ប៉ុន្តែការប្រកួតនៅវគ្គជម្រុះក្នុងប្រទេសទួរគី កីឡាការិនីរូបនេះបានរងបរាជ័យក្រោមថ្វីដៃកីឡាការិនីម្ចាស់ផ្ទះហើយនាងបាន ទទួលស្គាល់ថា ការបរាជ័យក្នុងវគ្គជម្រុះសុំសិទ្ធិចូលរួមស្របច្បាប់ក្នុងព្រឹត្តិការណ៍កីឡា អូឡាំពិកនេះ គឺសមត្ថភាពរបស់នាង នៅក្រោមគេ ។
គួររំលឹកថា ចំពោះអត្តពលិកកម្ពុជា៦នាក់ដែលត្រៀមបញ្ជូនទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅប្រទេសប្រេស៊ីលនេះមានតែកីឡាការិនី ស៊ន សៀវមុី តែម្នាក់គត់ដែលទទួលបានសិទ្ធិពេញលេញទៅចូលរួមការប្រកួតនេះ ។ ដោយឡែក កីឡាករកីឡាការិនី៥នាក់ផ្សេងទៀតសុទ្ធតែទទួលបានសិទ្ធិអនុគ្រោះពីគណៈកម្មការរៀបចំការប្រកួត ប៉ុន្តែពួកនឹងប្រកួតស្មើមុខស្មើមាត់ដូចកីឡាករកីឡាការិនីដទៃទៀត ដែរមានន័យថា ការប្រកួតរបស់ពួកគេគឺ ស្ថិតក្នុងផ្លូវការមិនមែនប្រកួតក្រៅផ្លូវការនោះឡើយ ៕
ដោយ៖ សារីម