២នាក់ម្តាយនិងកូនស្រីរួចផុតពីគ្រោះថ្នាក់ដល់ជីវិតក្នុងករណីរថយន្តបើកបុករ៉ឺម៉កម៉ូតូពីក្រោយពេញទំហឹង

ចែករំលែក៖

ខេត្តកណ្តាល: ស្ត្រីម្នាក់ដែលបើក រ៉ឺម៉កម៉ូតូដឹកពូកខ្នើយលក់តាមភូមិបានរងរបួសក្បាលចំណែកកូនស្ត្រីវ័យ៦ឆ្នាំរួមដំណើរជាមួយរួចផុតពីគ្រោះថ្នាក់ទាំងប្រផិតប្រផោយក្នុងករណីរថយន្តដឹកក្រណាត់បើកបុកពីក្រោយពេញទំហឹងកាលពីវេលាម៉ោង៧,០០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នៅលើកំណាត់ ផ្លូវ ជាតិលេខ១ ភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ស្ត្រីរងគ្រោះមានឈ្មោះតូច សារី អាយុ៣២ឆ្នាំ មុខរបរបើករ៉ឺម៉កដឹកពូកខ្នើយលក់ រហរបួសក្បាល ចំណែកកូនស្រីឈ្មោះសុខ រចនា អាយុ៦ឆ្នាំ រួចផិតពីគ្រោះថ្នាក់ ដោយឡែករ៉ឺម៉កម៉ូតូរងនូវការខូចខាតស្ទើរទាំងស្រុង ។ ជនរងគ្រោះទាំង២នាក់ម្តាយ និងកូនស្រីមានទីលំនៅភូមិត្រពាំងរុន ឃុំ ចិនត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ។

រថយន្តបង្ក ម៉ាកស្តារ៉ិច ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2S-4195 នៅក្នុងរថយន្តដឹកសុទ្ធតែក្រណាត់ បើកបរដោយបុរសម្នាក់ជនជនជាតិ វៀតណាម និយាយខ្មែរមិនច្បាស់ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយ ដឹងថា មុនពេលគ្រោះថ្នាក់ស្ត្រីរងគ្រោះ និងកូន ស្រីបានបើករ៉ឺម៉កម៉ូតូរបស់ខ្លួនត្រឡប់មកពីលក់ឥវ៉ាន់ចេញពីភ្នំពេញសំដៅទៅផ្ទះនៅខេត្តស្វាយរៀងក្នុងទិសដៅពីលិចទៅកើត ស្រាប់តែទៅដល់ចំនុចកើតហេតុអ្នកបើកបររថយន្តជាជនជាតិវៀតណាមបើកល្នុងទិសដៅស្របគ្នាបានបុករ៉ឺម៉កម៉ូតូពីក្រោយពេញទំហឹង បណ្តាលអោយខ្ទាតទៅ បុកគូថរថយន្តធំមួយគ្រឿងទៀតដែលចតរងចាំដឹកស្រូវនៅចិញ្ចើមផ្លូវ ។

សាក្សីបានបន្តថា បន្ទាប់ពីបុកហើយ ស្ត្រីរងគ្រោះដួលបោកចំក្បាលហូឈាមស្រោចពេញផ្ទៃមុខចំណែកកូនស្រីបានខ្ទាតចូលទៅក្នុងព្រៃ រួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយអាចនិយាយបានថាជាសំណាងមួយក្នុង១ពាន់គ្រោះថ្នាក់ ។ ចំពោះអ្នកបើកបររថ យន្តបង្កជាជនជាតិវៀតណាមត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចដើម្បីត្រួតពិនិត្យឯកសារក្នុងការបើកបររថយន្ត ។

ក្នុងករណីគ្រោះថ្នាក់ចរាចរបណ្តាលអោយ ម្តាយនិងកូនស្រីរងរបួសនេះដែរ បានធ្វើអោយ អ្នកដំណើរនិងប្រជាពលរដ្ឋមានការអាណិតអាសូរទៅលើជនរងគ្រោះខ្លាំងណាស់ម្នាក់ៗបាននាំគ្នាទំនាក់ទំនងរថយន្តសង្គ្រោះបន្ទាន់អោយទៅដឹកជនរងគ្រោះមកមន្ទីរពេទ្យ ប៉ុន្តែបានធ្វើពួក គាត់ខកចិត្តនិងខឹង សម្បារយ៉ាងខ្លាំងដោយសារតែរថយន្តសង្គ្រោះមានការយឺតយ៉ាវ ជិត២ម៉ោងក្រោយកើត ហេតុទើបរថយន្តសង្គ្រោះទៅដល់ ។

ប្រជាពលរដ្ឋបានដាក់ជាសំនួរថានៅតាមមណ្ឌលសុខភាពមានរថយន្តសង្គ្រោះគ្រប់កន្លែង ដូចជាមណ្ឌលសុខភាព គគីរធំ មណ្ឌលសុខភាពសំរោងធំ មណ្ឌលសុខភាពបន្ទាយដែក ហើយនៅមន្ទីពេទ្យបង្អែកកៀនស្វាយមានរថយន្តសង្គ្រោះរហូតដល់៤គ្រឿង ហេតុអ្វី បានជាមានការ យឺតយ៉ាវក្នុងការ ផ្តល់សេវ៉ាសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះទៅ វិញ ឬមួយរថយន្តសង្គ្រោះជិត ១០គ្រឿងនៅក្នុងស្រុកកៀនស្វាយទុកតាំងទេដឹង។

បច្ចុប្បន្នរថយន្តនិងម៉ូតូរ៉ឺម៉កត្រូវ សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមច្បាប់ ៕ សណ្តោស

20150727-223145.jpg

20150727-223216.jpg

20150727-223231.jpg

20150727-223241.jpg

...

20150727-223236.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print