ខេត្តមណ្ឌលគិរី ៖ រថយន្តហាយឡេនឌ័រ និងត្រាក់ទ័រដែលបើកបរបញ្ច្រាសទិសគ្នា បានបុកគ្នាពេញទំហឹងបណ្តាលឱ្យស្លាប់គ្រូបង្រៀនម្នាក់ និងរងរបួសធ្ងន់ពីរនាក់ កាលពីយប់ថ្ងៃទី២២ ខែមករាឆ្នាំ២០២៣ នៅផ្លូវលេខ៧៦ចន្លោះគីឡូម៉ែត្រលេខ១២៣និង១២៤ស្ថិតក្នុង ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ករណីគ្រោះថ្នាក់ចរាចរណ៍ររវាងត្រាក់ទ័រសណ្តោងរុឺម៉កនឹងរថយន្តហាយឡេនឌ័រ ក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង ដោយរថយន្តហាយឡេនឌ័របើកបុកត្រាក់ទ័រសណ្តោងរុឺម៉កដែលចតតាមដងផ្លូវ។ អ្នកបើកត្រាក់ទ័របានរត់គេចខ្លួនបាត់ហើយទុកត្រាក់ទ័រនៅនឹងកន្លែងកើតហេតុ។ អ្នករួមដំណើរជាមួយអ្នកបើកបរត្រាក់ទ័រឈ្មោះនួន សំណាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (រងរបួសធ្ងន់)ត្រូវបញ្ជូនទៅសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្ត។
ចំណែកអ្នកបើកបររថយន្តឈ្មោះ ហៃ ដាលុច ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរគ្រូបង្រៀន រស់ នៅបច្ចុប្បន្នភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាអ្នកបើករថយន្តម៉ាកហាយឡេនឌ័រ ពណ៌ ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2AS- 0219 រងរបួសធ្ងន់ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកខេត្តដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបានកន្លះម៉ោងក៏ស្លាប់នៅក្នុងមន្ទីរពេទ្យននោះទៅ។ អ្នករួមដំណើរជាមួយក្នុងរថយន្តឈ្មោះហៃ សៀវមិញ ភេទប្រុស អាយុ៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរសិស្ស ត្រូវជាកូន (ពុំមានរងរបួសឡើយ)។
បច្ចុប្បន្នសពត្រូវបានកម្លាំងជំនាញប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯមធ្យោបាយត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕ ដោយ៖ សូរិយា