ភ្នំពេញ៖ ប្រទេសវៀតណាមនៅតែជាទីផ្សារធំជាងគេរបស់កម្ពុជា…ទី២គឺជប៉ុននិងប្រទេសចិន..ដែលទទួលទិញគ្រាប់ស្វាយចន្ទីច្រើនជាងគេ។ នៅក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក ខណៈរដ្ឋកំពុងជំរុញការកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែមលើផលិតផលគ្រាប់ស្វាយចន្ទី។
តាមរបាយការណ៍របស់ក្រសួងកសិកម្មបានបញ្ជាក់ ឲ្យដឹងថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជា ត្រូវបាននាំចេញទៅប្រទេសមានជាអាថិ៍ ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាស ក្នុងការនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារប្រទេសខ្លួនដែរ។
របាយការណ៍ខាងលើបានលើកឡើងថា ស្វាយចន្ទីជាកសិផលដែលបានផ្តល់តម្លៃបន្ថែមខ្ពស់ រួមជាមួយទស្សនវិស័យរយៈពេលវែងពោលគឺ ប្រាក់ចំណូលពីតម្រូវការសម្រាប់ទំនិញប្រណិតប្រភេទនេះមានការកើនឡើង។ ប្រកាសនេះធ្វើឲ្យប្រជាកសិករនៅក្នុងប្រទេសកម្ពុជាមានការរីករាយចំពោះការនាំចេញ។
នៅកម្ពុជា គ្រាប់ស្វាយចន្ទីដែលពេញនិយមដាំដុះច្រើនជាងគេ គឺពូជ M23 ដែលមានទំហំគ្រាប់ធំ និងមានរសជាតិឆ្ងាញ់។ ជាមធ្យមក្នុងមួយហិកតា ស្វាយចន្ទីអាចផ្ដល់ទិន្នផលចំនួន ១,៤៩ តោន។
តាមការប៉ាន់ស្មាន មានកសិករចំនួន ២២.០០០ នាក់ ហើយមានប្រជាជនប្រមាណ ៣៨ ០០០ នាក់ កំពុងបម្រើការក្នុងខ្សែសង្វាក់ផលិតកម្មស្វាយចន្ទី បូករួមទាំងកម្លាំងពលកម្មប្រចាំរដូវផងដែរ។ បច្ចុប្បន្ននេះ ទិន្នផលស្វាយចន្ទីស្ទើរតែទាំងអស់ត្រូវបាននាំចេញក្រោមរូបភាពមិនទាន់កែច្នៃ ប៉ុន្តែវាអាចនឹងផ្តល់ការងារបន្ថែមចំនួន ១០,០០០ ទៀតប្រសិនបើផលិតផល គ្រាប់ស្វាយចន្ទីឆៅទូទាំងប្រទេសកម្ពុជាត្រូវបានកែច្នៃនិងវេចខ្ចប់ក្នុងស្រុក។
ផលិតផលគ្រាប់ស្វាយចន្ទីឆៅក្នុងពិភពលោក មានការកើនឡើង១២ដងក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះពោលគឺចាប់ពីតិចជាង ៣០០,០០០តោនក្នុងឆ្នាំ១៩៦១ ដល់៣,៧ លានតោនក្នុងឆ្នាំ២០០៨។
ការដាំដុះមានការកើនឡើងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះហើយផលិតផលស្ទើរតែកើនឡើងទ្វេដងពីឆ្នាំ ២០០០ ដល់ ២០០៨ ដោយសារការកើនឡើង ២៧ភាគរយនូវផ្ទៃដីដាំដុះក្នុងពិភពលោក ហើយទិន្នផលជាមធ្យមក្នុងពិភពលោកកើនឡើងជាង ៥០ភាគរយ៕ ដោយ៖ សូរិយា