អជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងបុរីសិរីមង្គល និងឃុំចំនួន៣ នៃស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២៣ បានដឹកនាំ ក្រុមការងារចុះពិនិត្យមើលបញ្ហាផ្គត់ផ្គង់ទឹកស្អាតនៅបុរីសិរីមង្គល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ និងឃុំទឹកវិល ឃុំ ព្រែកគយ និងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងពេលចុះពិនិត្យជាក់ស្តែងក្រុមការងារបានពិនិត្យឃើញថា សំពាធទឹកចេញមកខ្សោយ កន្លែងខ្លះស្ទើរតែគ្មានហើយស្ថានភាពទឹកគឺល្អក់កករ មិនអាចយកមកដាំបាយ និងចំអិនអាហារបាន ឬងូតទឹកបានឡើយ។ ហើយផ្ទះនៅក្នុងបុរីនេះមានចំនួនសរុប ២៤៥៧ខ្នង ប្រជាពលរដ្ឋដែលកំពុងរស់នៅមានចំនួន ១៣៣៨ខ្នង ។

លោក ណុប ដារ៉ា បានណែនាំដល់ម្ចាស់អាជីវករផ្គត់ផ្គង់ទឹកស្អាត ក្នុងបុរីសិរីមង្គល និងតាមបណ្តាឃុំទឹកវិល ឃុំ ព្រែកគយ និងឃុំស្អាងភ្នំ ត្រូវដោះស្រាយបញ្ហាទឹកស្អាត់ ទឹកល្អក់ និងទឹកចេញខ្សោយអោយបានឆាប់រហ័សបំផុត ដើម្បីសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ជាពិសេសត្រូវកែប្រែឥរិយាបទជាមួយប្រជាពលរដ្ឋដែលមកបងសេវាទឹកស្អាត ត្រូវមានសម្តីសមរម្យជាមួយអតិថិជនប្រកបដោយក្រមសិលធម៌ខ្ពស់។

លោក ក៏បានស្នើឱ្យរដ្ឋបាលក្រុងតាខ្មៅ និងស្រុកស្អាងត្រូវពិនិត្យ និងតាមដានលើបញ្ហានេះឲ្យបានជាប់ជាប្រចាំ ថាតើម្ចាស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាតនេះបានដោះស្រាយបានកម្រិតណា ត្រូវធ្វើរបាយការណ៍មករដ្ឋបាលខេត្តអំពីបញ្ហាទឹកស្អាតនេះឱ្យបានច្បាស់លាស់ ដើម្បីលោកអភិបាលខេត្តមានមូលដ្ឋានដោះស្រាយ និងចាត់វិធានការជាបន្តបន្ទាប់ទៀតទៅលើម្ចាស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ប្រសិនបើម្ចាស់អាជីវកម្មនៅតែមិនព្រមដោះស្រាយបញ្ហាខាងលើឲ្យឆាប់បានឆាប់រហ័សតាមការកំណត់។

ក្រោយពីបានចុះពិនិត្យជាក់ស្ដែង តំណាងសេវាករផ្គត់ផ្គង់ទឹកស្អាតបាន ទទួលស្គាល់ថាទឹកចេញមកមិនស្អាត (ល្អក់កករ) និង មានសំពាធខ្សោយ ព្រមទាំងបានសន្យាថា នឹងខិតខំដោះស្រាយបញ្ហាទាំងអស់នេះឲ្យបានឆាប់រហ័សផងដែរ។

សូមបញ្ជាក់ថា៖ បញ្ហាទឹកស្អាតនេះរដ្ឋបាលខេត្តបានឱ្យសេវាករធ្វើការដោះស្រាយ អស់រយៈពេល ០៦ខែ មកហើយគិតមកដល់ពេលនេះ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print