ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណៈដែលកំពុងអង្គុយលេងមុខបន្ទប់ជួលសុខៗស្រាប់តែកើតមានអាការៈខ្យល់គរដួល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅបន្ទប់ជួលលេខ៣បេ ផ្លូវបេតុង ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះមានឈ្មោះ សោម ឡាយ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ អ្នកម៉ៅការសំណង់ផ្លូវថ្នល់ មានប្រពន្ធឈ្មោះ ញ៉ែម ស្រីមុំ អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
បើតាមការបំភ្លឺពីក្រុមគ្រួសារបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបានអង្គុយលេងផ្អែកនឹងមាត់ទ្វារបន្ទប់ រីឯប្រពន្ធនៅដេកសម្រាកក្នុងបន្ទប់។ លុះ មួយសន្ទុះក្រោយមកស្រាប់តែជនរងគ្រោះដួលដាំដូង កន្ត្រាក់ដៃជើង ទើបផ្អើលឆោឡោដល់អ្នកជិតខាងលើកចូលដាក់ក្នុងបន្ទប់ ហើយជួយរឹតធ្វើចលនាសង្គ្រោះ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររាយការណ៍ទៅសមត្ថកិច្ច ដើម្បីមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យជាមុនសិន មុននឹងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕ ដោយ៖សុខាសែនជ័យ