នាយករដ្ឋមន្ត្រីគុយវ៉ែត អ្នកអង្គម្ចាស់ Ahmad Nawaf al-Sabah កាលពីថ្ងៃទី ២៣ ខែមករា បានបញ្ជូនលិខិតសុំលាលែងពីគណៈរដ្ឋមន្ត្រីរបស់ព្រះអង្គទៅព្រះអង្គម្ចាស់ Meshal al-Ahmad al-Sabah ដែលបច្ចុប្បន្នកំពុងកាន់តួនាទីភាគច្រើនក្នុងតួនាទីដឹកនាំរដ្ឋាភិបាល។
រដ្ឋមន្ត្រីមហាផ្ទៃលោក Barrak Al-Shaitan បាននិយាយថា ការសម្រេចចិត្តលាលែងពីតំណែងគឺដោយសារតែមានការជាប់គាំងលើបញ្ហាផ្សេងៗជាមួយសភាគុយវ៉ែតក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភាលើកទី១៧។ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះអង្គបានសម្តែងនូវទំនុកចិត្តថា ព្រះអង្គម្ចាស់ Meshal al-Ahmad al-Sabah នឹងធ្វើការសម្រេចចិត្តចាំបាច់ ដើម្បីបង្កើនផលប្រយោជន៍ជាតិរបស់ប្រទេសគុយវ៉ែត។
ការលាលែងពីតំណែងគណៈរដ្ឋមន្ត្រីគុយវ៉ែតបានធ្វើឡើងតិចជាងបួនខែបន្ទាប់ពីរដ្ឋាភិបាលថ្មីបានស្បថចូលកាន់តំណែង។ កន្លងមក ព្រះអង្គម្ចាស់Ahmad ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីប្រទេសគុយវ៉ែតឡើងវិញនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។
ការលាលែងពីតំណែងរបស់គណៈរដ្ឋមន្ត្រីគុយវ៉ែត បានបំផ្លាញផែនការរបស់រដ្ឋសភានៃប្រទេសនេះ ដើម្បីសាកសួររដ្ឋមន្ត្រីពីររូបកាលពីថ្ងៃទី២៤ ខែមករា អំពីការគ្រប់គ្រងហិរញ្ញវត្ថុជាតិ និងសេចក្តីព្រាងច្បាប់កាត់បន្ថយបន្ទុកបំណុលសម្រាប់ពលរដ្ឋគុយវ៉ែត។ សភាគុយវ៉ែតបានជំរុញរដ្ឋាភិបាលឱ្យអនុម័តច្បាប់នេះ ប៉ុន្តែរដ្ឋមន្ត្រីក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រីព្រះអង្គម្ចាស់ Ahmad បានប្រកែកថាវិធានការនេះនឹងធ្វើឱ្យប្រទេសនេះខាតបង់យ៉ាងខ្លាំង។
លោក Saleh Ashour សមាជិកសភាជាតិនៃប្រទេសគុយវ៉ែតបានរិះគន់ការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីក្នុងការលាលែងពីតំណែងដោយហៅវាថាជា “ទង្វើនៃការគេចវេះនៅពេលប្រឈមមុខនឹងបញ្ហានយោបាយ”។
ស្ថិរភាពនយោបាយក្នុងប្រទេសគុយវ៉ែត ដែលជារដ្ឋសមាជិកនៃអង្គការប្រទេសនាំចេញប្រេង (OPEC) – ជាប្រពៃណីពឹងផ្អែកលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នឹងសភា។ ទោះជាយ៉ាងណាក៏ដោយ នយោបាយនៃប្រទេសសម្បូរប្រេងមួយនេះបានរង្គោះរង្គើដោយសារជម្លោះជាច្រើនទសវត្សរ៍រវាងសមាជិកសភា នឹងរដ្ឋាភិបាល ដែលបណ្តាលឱ្យមានការរំលាយរដ្ឋសភា និងរដ្ឋាភិបាលជាច្រើន មានការរុះរើគណៈរដ្ឋមន្ត្រី។ ប្រទេសគុយវ៉ែតបានរំលាយសភាកាលពីថ្ងៃទី២ ខែសីហាឆ្នាំមុនដោយព្រះរាជក្រឹត្យ ការរំសាយលើកមុនគឺនៅឆ្នាំ២០១៦៕ ដោយធីរីណា
រូបថត : TTXVN