ខេត្តបន្ទាយមានជ័យ ៖ ឃាតករ ដងផ្លូវ បានសម្លាប់មនុស្សជាច្រើនក្នុង១ថ្ងៃៗ ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ។ ជាក់ស្តែងថ្មីៗនេះ គួររន្ធត់ពន់ពេក ខណៈមន្ត្រីយោធា និងជាគ្រូបង្គោលក្បាច់គុនល្បុក្កតោនៃកងពលតូចថ្មើរជើងលេខ៥១ បានបាត់បង់ជីវិត បន្ទាប់ពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ ពេលជនរងគ្រោះចេញពីអង្គភាពទៅលេងផ្ទះគូដណ្តឹងនៅស្រុក ។ ចំណែកភាគីខាងម៉ូតូមួយគ្រឿងទៀតបានរងរបួសធ្ងន់ម្នាក់ និងបាត់បង់ជីវិតម្នាក់ផងដែរ ។
បើតាមសមត្ថកិច្ច បានអោយដឹង ថា, ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នៅភូមិគោកក្រោល ឃុំស្រៈជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់សារព័ត៌មានថា, ជនរងគ្រោះទាំង៣នាក់ខាងលើរួមមាន:
១-ឈ្មោះ ស៊ុន សម្បត្តិ ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ត្រីយោធាកងពលតូចថ្មើរជើងលេខ៥១ រស់នៅភូមិរំភើយ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាអ្នកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពាក់ផ្លាក់លេខ សៀមរាប 1C-9304 (បានស្លាប់) ។
២-ឈ្មោះ ប្រោង ឈិនឡុង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (បានស្លាប់) ។
និង៣-ឈ្មោះ ហ៊ាង អួង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជាមួយគ្នា (រងរបួសធ្ងន់បាក់ជើងស្តាំ) ។
ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពាក់ផ្លាក់លេខបន្ទាយមានជ័យ 1H-2608 ។
បើតាមមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះជាមន្ត្រីយោធា បានជិះម៉ូតូចេញពីអង្គភាពកងពលតូចថ្មើជើងលេខ៥១ ក្នុងគោលបំណងធ្វើដំណើរទៅលេងផ្ទះគូដណ្តឹងនៅស្រុកភ្នំស្រុក លុះមកដល់ចំណុចផ្លូវចូលស្រុកភ្នំស្រុក ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូមួយគ្រឿង ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យមន្ត្រីយោធាស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែកភាគីខាងយុវជនទាំង២នាក់ បានរងរបួសធ្ងន់ និងត្រូវបញ្ជូនសង្គ្រោះទៅមន្ទីពេទ្យ ក្រោយមកបានស្លាប់ម្នាក់។
សមត្ថកិច្ចបានបញ្ជាក់ថា, បច្ចុប្បន្ន សពមន្ត្រីយោធាម្នាក់កំពុងធ្វើបុណ្យនៅភូមិរំភើយ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងមានការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ពីសាច់ញាតិបងប្អូនមិត្តភក្តិ មិនគួរណាជួប ឧប្បត្តិហេតុបែបនេះសោះ ដែលចំថ្ងៃសែនចិននោះតែម្តង ។
សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ស៊ុន សម្បត្តិ មានឋានន្តរស័ក្តិព្រិន្ទបាលឯក និងជាគ្រូបង្គោលក្បាច់គុនល្បុក្កតោនៃអង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានចូលបម្រើជាយោធាអស់រយៈពេល៥ទៅ៦ឆ្នាំកន្លងមកហើយ និងមានគូដណ្តឹងនៅស្រុកភ្នំស្រុក ខខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នគាត់ត្រូវបានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យសាច់ញាតិក្រុមគ្រួសារ និងគូរដណ្ដឹងរបស់គាត់ មានទុកជាទម្ងន់ ខណៈបាត់បង់សមាជិក និងមនុស្សជាទីស្រឡាញ់របស់ខ្លួន ត្រឹមតែមួយពពិ្រចភ្នែក។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនយើង និងដើម្បីអាយុជីវិតអ្នកដទៃ ។ ពិសេសត្រូវចងចាំ នូវទិសស្លោកមួយដែលបានលើកឡើងថា, (ថ្ងៃនេះ និងថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍) ៕
ដោយ : សហការី