អតីតមន្ត្រីចារកិច្ចអាមេរិក( FBI) Charles McGonigal ត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានជួយមហាសេដ្ឋី រុស្ស៊ី លោក Oleg Deripaska គេចពីទណ្ឌកម្មរបស់អាមេរិក ។ ទន្ទឹមនឹងនោះក៏បានទទួលប្រាក់ដើម្បីស្រាវជ្រាវទៅលើគូប្រជែងរបស់ខ្លួនផងដែរ។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ បានផ្សាយថាអតីតមន្ត្រី FBI ជាន់ខ្ពស់មួយរូបត្រូវបានចោទប្រកាន់កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ ពីបទធ្វើការឲ្យមហាសេដ្ឋីរុស្ស៉ី លោក Oleg Deripaska ដែលត្រូវបានដាក់ទណ្ឌកម្ម ខណៈដែលរដ្ឋអាជ្ញាសហរដ្ឋអាមេរិកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តការដាក់ទណ្ឌកម្មលើមន្ត្រីរុស្ស៊ី និងក្រុមប៉ូលិសការពារពួកគេ។
អតីតមន្រ្តី FBI រូបនោះ គឺលោក Charles McGonigal ធ្លាប់បានដឹកនាំផ្នែកប្រឆាំងការស៊ើបការណ៍សម្ងាត់របស់ FBI នៅទីក្រុងញូវយ៉ក មុនពេលចូលនិវត្តន៍ក្នុងឆ្នាំ២០១៨។
រដ្ឋអាជ្ញាបាននិយាយថា ហ្គោនីហ្កាល អាយុ ៥៤ឆ្នាំ កាលពីឆ្នាំ២០២១ បានទទួលការបង់ប្រាក់ដោយលាក់កំបាំងពី លោក ដឺរីប៉ាស្កា ដែលត្រូវបានដាក់ទណ្ឌកម្មនៅឆ្នាំ២០១៨ ជាថ្នូរនឹងការស៊ើបអង្កេតលើគូប្រជែងដែលជាមហាសេដ្ឋរុស្ស៉ីផ្សេងទៀត។ លោក ហ្គោនីហ្កាល ក៏ត្រូវបានចោទប្រកាន់ផងដែរពីការជំរុញឲ្យមានការដកទណ្ឌកម្មប្រឆាំងនឹង លោក ដឺរីប៉ាស្កា តែមិនបានជោគជ័យក្នុងឆ្នាំ២០១៩។ យ៉ាងនេះក្តី នៅឯសវនាការតុលាការសហព័ន្ធរដ្ឋមែនហាតធែន (Manhattan) លោក ហ្គោនីហ្កាល បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ។
ដោយឡែកនៅថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា លោក ហ្គោនីហ្កាល ធ្លាប់បានទទួលសាច់ប្រាក់ចំនួន ២២៥,០០០ដុល្លារ ពីអតីតសមាជិកនៃសេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសអាល់បានី ហើយករណីនេះកំពុងស្ថិតក្រោមការស៉ើបអង្កេត។
អតីតមន្រ្តី FBI រូបនេះប្រឈមមុខនឹងការចោទប្រកាន់ចំនួន៩បទល្មើស ដែលរួមមានទាំងការធ្វើសេចក្តីថ្លែងការណ៍មិនពិត ដើម្បីលាក់បាំងពី FBI ពីទំនាក់ទំនងរបស់ខ្លួនជាមួយ លោក ដឺរីប៉ាស្កា ស្ថាបនិកក្រុមហ៊ុនអាលុយមីញ៉ូមរុស្ស៊ី និងជាបុគ្គលមួយរូបស្ថិតក្នុងចំណោមមន្ត្រីរដ្ឋាភិបាលរុស្ស៊ីរាប់សិបនាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅអាមេរិកកាលពីឆ្នាំ២០១៨ ឆ្លើយតបទៅនឹងការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកឆ្នាំ២០១៦៕
រូបថត : Getty