ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៤គ្រួសារដែលរស់នៅក្បែរវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នងបានចោទប្រកាន់លោកនាយកវិទ្យាល័យហ៊ុន សែន បុរី១០០ខ្នងថាបាន ឃុបឃិតគ្នាយកតុអង្គុយរបស់សិស្សរៀន ដែលជាអំណោយរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតលក់ទៅឲ្យសាលាឯកជន ចំនួន៦០០តុដើម្បីរៀនគួរផ្សេងទៀត។ វិទ្យា ល័យនេះមានទីតាំងស្ថិតនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពប្រជាពលរដ្ឋបានប្រាប់ថាតុឈើអង្គុយរបស់សិស្សរៀនជាច្រើនដែលជា អំណោយរបស់សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតត្រូវបានលោកនាយក វិទ្យាល័យ ហ៊ុន សែនបុរី១០០ខ្នងឃុបឃិត គ្នាយកទៅលក់ឲ្យទៅសាលាឯកជន(សាលា បង្រៀនគួរ)នាៗនៅខាងក្រោយវិទ្យាល័យដោយតុឈើភាគច្រើនត្រូវបានអ្នកទិញ យកថ្នាំមកបាញ់លុបអក្សរ ដែលសរសេរថា “អំណោយសម្តេច ហ៑ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត”។
ពាក់ព័ន្ធនឹងការចោទប្រគាន់ខាងលើនេះលោក ភោគ ផលបុណ្យ នាយកវិទ្យា ល័យបុរី១០០ខ្នងបានប្រាប់ថា រឿងដែលប្រជាពលរដ្ឋប្តឹងលោកនោះវាមិនពិតទេ។ លោកនាយកសាលាថ្លែងថា បើដូច្នេះមែននោះគឺលោកគ្រូអ្នកគ្រូក្នុងសាលាពិតជាប្តឹងលោកទៅក្រសួងអប់រំហើយមិនមែនប្រជាពលរដ្ឋគាត់មកប្តឹងជំនួសទេ ។
លោកបន្តថា តាមពិតរឿងតុឈើដែលប្រជាពលរដ្ឋឃើញនៅតាមសាលាឯកជននាៗនោះវាមានមែន ។ ប៉ុន្តែការលក់ឬមិនលក់គឺតាំងពីឆ្នាំ២០០៩ជំនាន់លោក នាយក សែម សាវុធ គ្រប់គ្រងមកម្ល៉េះ ហើយលោកទើបមកកាន់ជានាយសាលាបន្តកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១០ ដូច្នេះគាត់មិនបានដឹងរឿងនេះឡើយ ៕
ដោយ៖ តុង សីហា